តំបន់វាលស្មៅធម្មជាតិក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក នៃខេត្តកំពង់ធំ ជាតំបន់សត្វខ្សឹប រស់នៅដែលជាសត្វកម្របំផុតក្នុងលោក
ភ្នំពេញ៖ តំបន់វាលស្មៅធម្មជាតិក្នុងស្រុកបារយណ៍ និងស្រុកតាំងគោក នៃ ខេត្តកំពង់ធំ ក្នុងតំបន់ទំនាបបឹងទន្លេសាប បានកំពុងទ្រទ្រង់វត្តមានប្រភេទសត្វខ្សឹប (Houbaropsis Bengalensis Blandini) ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានឱ្យដឹងថា៖តំបន់វាលស្មៅនេះទ្រទ្រង់ប្រមាណជាង៥០ភាគរយ នៃចំនួនសត្វខ្សឹបសរុបរបស់កម្ពុជា។
ទីជម្រកដ៏សំខាន់នេះកំពុងត្រូវបានទទួលរងការគំរាមកំហែង ដោយការលួចទន្ទ្រាន និងបម្លែងទៅជាដីកសិកម្មពីជនខិលខូចមួយក្តាប់តូច ដែលបង្កការប៉ះពាល់ខ្លាំងដល់ការរស់រាន និងការបន្តពូជរបស់ប្រភេទសត្វជិតផុតពូជបំផុតនេះ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា៖”ចំពោះដៃគូរបស់យើងនិងសហគមន៍មូលដ្ឋាន ដែលសំបុកសត្វខ្សឹបពីរសំបុក (ពងចំនួន៣) ត្រូវបានរកឃើញទាន់ពេលវេលា ហើយជាមួយនឹងការគាំទ្ររបស់ក្រសួងបរិស្ថាន ពងសត្វខ្សឹបទាំងនេះត្រូវបានប្រមូល និងដាក់ភ្ញាស់តាមបែបសិប្បនិម្មិតនៅមជ្ឍមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) ។ ACCB ជាកន្លែងតែមួយគត់នៅលើពិភពលោកដែលកំពុងរធានាចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វដ៏កម្រនេះ”។
គួរបញ្ជាក់ថាសត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ ជាសត្វប្រភេទ មានវត្តមានច្រើននៅប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាម។ សត្វខ្សឹបត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ក្បាល នៅលើពិភពលោក៕
ដោយ ៖ ម៉ាដេប៉ូ