ប្រហុកកម្ពុជា មិនទាន់អាច នាំចេញទៅលក់នៅទីផ្សារសហភាពអឺរ៉ុបបាន ដោយសារមិនទាន់បំពេញតាមលក្ខខណ្ឌតម្រូវនៅឡើយ

ភ្នំពេញ៖ ប្រហុកកម្ពុជាមិនទាន់អាចនាំចេញទៅលក់នៅទីផ្សារប្រទេសសហភាពអឺរ៉ុបបាននោះពុំមែនមានន័យថា សហគ្រាសផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS) យើងមិនអាចអនុវត្ត ឬអនុលោមតាមស្តង់ដានោះទេ ប៉ុន្តែដោយសារកម្ពុជាមិនទាន់បានបំពេញតាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប ក្នុងការនាំចេញនៅឡើយតែប៉ុណ្ណោះ ។ នេះបើតាមការលើកឡើងពីសំណាក់លោក ថោង រ៉ា មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិ នៃអង្គការយូនីដូ(UNIDO)។

បញ្ជាក់ប្រាប់ AMS ក្នុងដំណើរទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយអំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្តកោះកុង និងព្រះសីហនុនាថ្ងៃទី ១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក ថោង រ៉ា មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិ នៃអង្គការយូនីដូ បានឱ្យដឹងថា ៖ តាមពិតការអាចនាំផលិតផលជលផលចេញទៅកាន់ទីផ្សារអឺរ៉ុបបានចាំបាច់គេត្រូវចុះមកធ្វើសវនកម្មជាមុនសិនថាប្រព័ន្ធត្រួតពិនិត្យទៅលើសុវត្តិភាពម្អួបអាហាររបស់វិស័យជលផលរបស់យើងបានបំពេញតាមបែបបទដែលគេតម្រូវបានឬក៏អត់ ពេលនោះទើបគេអាចចុះឈ្មោះប្រទេសកម្ពុជា យើងអាចនាំចេញទៅលក់លើទីផ្សារអឺរ៉ុបបាន ។ នៅពេលសហភាពអឺរ៉ុបវាយតម្លៃហើយ ទើបកម្ពុជា យើងអាចនាំចេញទៅលក់លើទីផ្សារអឺរ៉ុបដូចប្រទេសដទៃទៀត។

លោកបានបញ្ជាក់ថា ”ខ្ញុំបានទៅទីក្រុងប៉ារីសប្រទេសបារាំង និងប្រទេសព័រទីហ្គាល់ឃើញមានលក់ប្រហុកខ្មែរក្នុងផ្សារទំនើបប្រទេសបារាំង ប៉ុន្តែការនាំចេញទៅលក់នៅទីនោះ គឺតាមរយៈប្រទេសវៀតណាម និងប្រទេសថៃដោយសារប្រទេសទាំង២នេះ អនុលោមតាមលក្ខខណ្ឌតម្រូវការនាំចេញរបស់សហភាពអឺរ៉ុប អញ្ចឹងមានន័យថាកម្ពុជា យើងមិនទាន់បំពេញតាមលក្ខខណ្ឌទាំងនេះ ម្ល៉ោះហើយនាំការនាំចេញទើបមិនអាចកើតឡើងរួចនៅឡើយ” ។

ក្រៅពីនេះទាក់ទិននឹងការលើកឡើងពីសហគ្រាសរបស់ប្រទេសថៃ និងវៀតណាមួយចំនួនបាននាំប្រហុកចេញលក់ទីផ្សារអឺរ៉ុប ហើយបានក្លែងបន្លំដាក់ឈ្មោះជាប្រហុក សៀមរាបរបស់ខ្មែរនោះត្រូវបាន លោក ថោង រ៉ា បញ្ជាក់ប្រាប់ថា បើតាមលោកយល់ឃើញគឺក្រុមឈ្មួញទាំងនេះតម្រូវទៅតាមទីផ្សារនៅប្រទេសសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃទៀតដែលខ្មែររស់នៅ ហើយគេនិយមបរិភោគប្រហុកខ្មែរ ។ ហេតុនេះដោយសារកម្ពុជា មិនទាន់បានបំពេញតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ហេតុនេះក្រុមឈ្មួញប្រទេសទាំងនេះឆក់ឱកាសដាក់ឈ្មោះប្រហុកខ្មែរតែម្តងដើម្បីទាក់ទាញអតិថិជនកាន់តែច្រើនដែលវាប្រៀបដូចការដណ្តើមទីផ្សារគ្នា។

លោក ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល បានឲ្យដឹងពេលក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចកាលពីរសៀលថ្ងៃទី ១៥ ខែកក្កដាដែរថា ប្រហុកជាអត្តសញ្ញាណតាំងពីជីដូនជីតាមក ប៉ុន្តែជាអកុសលដោយសារស្រុកទេសមានសង្គ្រាម ទើបមិនមានការអភិវឌ្ឍកែច្នៃប្រហុកខ្មែរឲ្យសមស្រប សម្រាប់ទាញយកប្រយោជន៍មកប្រើប្រាស់ឲ្យបានទូលំទូលាយនិងក៏ដូចជានាំចេញទៅលក់ក្រៅប្រទេស។

លោកបាន បន្ថែមថា ប្រហុកដែលកែច្នៃនេះមិនទាន់នាំចេញទៅក្រៅនៅឡើយទេ ព្រោះទើបតែសាកល្បងលក់ក្នុងទីផ្សារក្នុងស្រុកសិន។ គោលដៅរបស់សហគ្រាសគឺ នាំចេញទៅទីផ្សារអន្តរជាតិ។ជាមួយគ្នានេះរោងចក្រថ្មីរបស់ក្រុមហ៊ុនអាចផលិតកែច្នៃប្រហុកមួយថ្ងៃបានជាង១តោនចេញពីត្រូវធម្មជាតិ។ ម្សៅប្រហុកដែលកែច្នៃពីសហគ្រាសខនហ្វីរេលមាន ៥ រសជាតិផ្សេងគ្នា មានរសជាតិមធ្យម រសជាតិស្រាល រសជាតិដិត រសជាតិរំដេង និងរសជាតិស្លឹកក្រូចសើច។

លោក សេតធី ស៊ីថារ៉ាម៉ា ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការយូនីដូ(UNIDO) បានបញ្ជាក់ប្រាប់ជុំវិញបញ្ហានេះថា មិនទាន់មានផលិតផល ជលផល ណាមួយពីប្រទេសកម្ពុជាត្រូវបាននាំចេញជាផ្លូវការទៅប្រទេសនៅសហភាពអឺរ៉ុបនៅឡើយទេ។ ការនាំចេញផលិតផល ជលផល ទៅអឺរ៉ុបត្រូវគោរពស្តង់ដាខ្ពស់ជាពិសេសពាក់ព័ន្ធអនាម័យ និងសុវត្ថិភាពគុណភាព។

គួរបញ្ជាក់ផងដែរថា បើតាមអង្គការយូនីដូ បានឱ្យដឹងកន្លងមកថា ប្រជាជនកម្ពុជា បរិភោគប្រហុកជាមធ្យមប្រមាណ ១៨ក្រាម សម្រាប់មនុស្សម្នាក់ ក្នុងមួយថ្ងៃ ។ ទាំងនេះដោយសារតែប្រហុក ជាអាហារប្រពៃណីសម្រាប់ប្រជាជនកម្ពុជា ដែលជាផលិតផលមួយដ៏សំខាន់ចូលរួមក្នុងសន្តិសុខស្បៀង និងផ្តល់អាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជននៅទីជនបទតែម្តង ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner