សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សមិទ្ធផល​មួយចំនួន នៅក្នុងតុលាការកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្ដីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ពិធីនេះគឺជាសក្ខីភាពមួយយ៉ាងប្រត្យក្ស នៃការបន្តយកចិត្តទុកដាក់ជាមួយនឹងឆន្ទៈដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសការផ្តល់អាទិភាពសំខាន់របស់រាជរដ្ឋាភិបាល និងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើការលើកកម្ពស់កិច្ចសហការអន្តរជាតិ និងរក្សាទុកនូវមរតកប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់បន្សល់ទុកដល់កូនខ្មែរគ្រប់ជំនាន់ ឱ្យស្វែងយល់អំពីការពិត នៃភាពយង់ឃ្នង-អមនុស្សធម៌ និងការបំផ្លិចបំផ្លាញ នៃរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម ក្នុងប្រវត្តិសាស្ត្រកម្ពុជា និងការបណ្តុះស្មារតីស្នេហាជាតិ ការស្រឡាញ់សន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ក៏ដូចជាបញ្ចៀសសង្គ្រាមក្នុងសង្គមកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរវាងភាគី រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មលើមេដឹកនាំកំពូលៗ ដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩ ។

សមិទ្ធផលនៃ អ.វ.ត.ក. គឺមិនអាចកាត់ផ្តាច់បានពីការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលបានផ្តួចផ្តើមបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយមានអង្គការសហប្រជាជាតិចូលរួម ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងគោលដៅធានា សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាផ្នែកមួយនៃក្របខ័ណ្ឌគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ។

អ.វ.ត.ក. ក្រោយពីបានបញ្ចប់ប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់រយៈពេល ១៦ឆ្នាំ ជាមួយនឹងការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ ។ ទោះបីជាដំណើរការជម្រះក្តីរបស់ អ.វ.ត.ក. ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយ ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ បានបន្តផ្តល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាមកិច្ចព្រមព្រៀងបន្ថែមស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១ ដែលរួមមានកិច្ចការគតិយុត្តមួយចំនួន រួមទាំងការតាមដានការអនុវត្តទោសរបស់ពិរុទ្ធជននៅពន្ធនាគារ, ការថែរក្សា និងការផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយដល់សាធារណជន និងការបង្កើតឲ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែលពាក់ព័ន្ធនឹងបណ្ណសាររបស់ខ្លួនទុក និងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដាអន្តរជាតិសម្រាប់ឲ្យសាធារណជនអាចចូលមើល និងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner