អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្នុងប្រតិបត្តិការរយៈពេល៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះថា រហូតដល់ព្រឹកថ្ងៃទី១៦ ខែកកក្កដានេះ គឺជាថ្ងៃទី៤ហើយ នៃប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវាញពេលហ្វឹកហ្វឺន ខណៈដែលកម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។

អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ក្នុងប្រតិបត្តិការរយៈពេល៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កងកម្លាំងរបស់យើងនៅតែបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ។

ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នក្នុងការចែកចាយដំណឹងណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹងឧត្ថម្ភាគចក្រនេះ ខណៈដែលនាថ្មីៗនេះ មានក្រុមទុច្ចរិតមួយចំនួន បានយកករណីនេះ ទៅបំផ្លើស និងប្រឌិតខុសពីការពិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួន៕
ដោយ៖ពលជ័យ

ads banner