សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រវត្តិសាស្ដ្រដែលកម្ពុជាមាន មិនត្រូវទុកតែខ្លួនឯងទេ ត្រូវបើកឱកាសឱ្យបរទេសស្រាវជ្រាវ

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រវត្តិសាស្ដ្រដែលកម្ពុជាមាន មិនត្រូវទុកតែខ្លួនឯងនោះទេ ពោលត្រូវបើកឱកាសឱ្យបរទេសស្រាវជ្រាវ ពិសេសតុលាការដែលមានចរិតប្រវត្តិសាស្ដ្រ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្ដីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទំព័រប្រវត្តិសាស្ត្រនេះ មិនត្រូវចាក់សោទុកឱ្យដីហុយកប់នោះទេ ចាំបាច់ត្រូវរំលឹកឡើងវិញឱ្យកូនខ្មែរចងចាំ។ ប្រវត្តិសាស្ត្រ មិនមែនយកមកគ្រាន់តែរំឭកតែអំពើអាក្រក់ ឬមួយភាពអវិជ្ជមាននោះទេ ប៉ុន្តែជាតថភាពមួយក្នុងសង្គម ដែលកម្ពុជា និងពិភពលោករងគ្រោះ ដែលមនុស្សជាតិ មិនត្រូវការ មិនចង់ឱ្យកើតឡើង ។

សម្ដេចធិបតី បន្តថា ការរៀបចំចងក្រង ចាំបាច់ត្រូវតែមាន ប៉ុន្តែត្រូវផ្អែកលើតថភាពពិត ឯកសារដែលពិតប្រាកដ កុំមានពាក្យក្អែក១ក្អែក១០។ បើប្រវត្តិសាស្ត្រ មិនផ្អែកលើឯកសារពិតប្រាកដ ថ្ងៃក្រោយវានឹងក្លាយហើយ (ឯកសារក្លែងក្លាយ) ដូច្នេះការរៀបចុះទុកជាឯកសារ និងការរៀបចំជាវិទ្យាស្ថានទៅថ្ងៃមុខ ក្នុងការថែរក្សា និងចែករំលែក គឺកិច្ចការចាំបាច់ណាស់ ។

ជាមួយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ត ប្រជាពលរដ្ឋ ទាំងជនបរទេស និងខ្មែរ ដែលចង់សិក្សាស្រាវជ្រាវពាក់ព័ន្ធរបបប្រល័យពូជសាសន៍ អាចមកស្រាវជ្រាវក្នុងឯកសារដើមដែលមាននៅអគារ អ.វ.ត.ក ខណៈឯកសារដើមគឺមាននៅទីនេះ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ រាប់រយឆ្នាំតទៅមុខទៀត ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រវត្តិសាស្ដ្រ ដែលកម្ពុជាមាន មិនត្រូវទុកតែខ្លួនឯងនោះទេ ពោល ត្រូវបើកឱកាសឱ្យបរទេសស្រាវជ្រាវ ពិសេសតុលាការ ដែលមានចរិតប្រវត្តិសាស្ដ្រ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរក្សាទុកឯកសារពាក់ព័ន្ធ អ.វ.ត.ក ឱ្យបានត្រឹមត្រូវ និងណែនាំឱ្យបង្កើនការរក្សាទុកឯកសារជាឌីជីថល ដើម្បីការពារការបាត់បង់ ខណៈ ឯកសារទាំងអស់នេះ មិនអាចត្រឡប់មកកាន់ក្ដី ១៦ឆ្នាំទៀតបានទេ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner