ក្រសួងបរិស្ថាន, ព្រះសង្ឃ អាជ្ញាធរខេត្តនិងយុវជនបរិស្ថាន រួមគ្នាដាំកូនឈើបួនពាន់ដើម ក្រោមប្រធានបទ «ពន្លកបៃតង»
កំពង់ធំ៖ កូនឈើចម្រុះប្រមាណ ៤ ០០០ដើម ត្រូវបាននាំយកមកដាំនៅក្នុងបរិវេណវត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងសកម្មភាពប្រព្រឹត្តិទៅក្រោមប្រធានបទ «ពន្លកបៃតង»ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី គឺ ភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តមគូសបញ្ជាក់ថា សសរស្ដម្ភទីមួយ ភាពស្អាត គឺសំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់ស្រាយស្អាត មាន សណ្តាប់ធ្នាប់ល្អទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនមកកម្ពុជាផងដែរ។ ឯកឧត្តមបន្ថែមថា «កាលបើផ្ទះយើង ឬប្រទេសយើងមិនមានភាពស្អាត ពោរពេញដោយសំរាមពាសវាលពាសកាលច្បាស់ណាស់ថា ប្រជាពលរដ្ឋយើងមិនមានសុខុមាលភាព ហើយក៏មិនមានភ្ញៀវណាម្នាក់ចង់មកលេងផ្ទះយើង ឬប្រទេសយើងនោះដែរ»។
ឯកឧត្តមបន្តថា ក្រសួងបរិស្ថាន បានជំរុញការដាំដើមឈើឱ្យច្រើន ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា ឆ្នាំ២០២៣ រហូតមកធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច មួយលានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។
ឯកឧត្តមរំលេចថា ព្រឹត្តិការណ៍ «ពន្លកបៃតង» ប្រារព្ធធ្វើពីថ្ងៃទី១០ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយ និងចែកកូនឈើជូនសាធារណជនយកទៅដាំ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ ។ធ្វើបែបនេះដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ដីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធស្របនឹងយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្ត្រចំនួនបីគឺស្អាត បៃតង និងចីរភាព ក្នុងគោលបំណងចម្បង គឺលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាំពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។
ព្រះភិក្ខុរជិរប្បញ្ញោ គូ សុភាព ព្រះរាជាគណថ្នាក់កិត្តិយស ព្រះសមុហ៍គណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័នគល់ទទឹង មានថេរដិកាថា ការដាំកូនឈើឡើងវិញនិងការចូលរួមថែរក្សាបរិស្ថាន មិនជាសិទ្ធិផ្តាច់របស់នរណាម្នាក់នោះទេ។ ព្រះភិក្ខុបានអំពាវនាវដល់ប្រជាពុទ្ធបរិសិទ ឱ្យស្រឡាញ់ភាពស្អាតទាំងអស់គ្នា។
ចំណែកលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំបានរំលឹកដល់សិស្សានុសិស្ស ត្រូវបណ្តុះផ្នត់គំនិតស្អាត រួមគ្នាថែរក្សាអនាម័យបរិស្ថាន នៅជុំវិញខ្លួនយើងឱ្យមានភាពស្រស់ស្អាត រួមគ្នាដាំកូនឈើឡើងវិញ និងកម្ចាត់ផ្នត់គំនិតមិនល្អឱ្យអស់នៅក្នុងខ្លួនជាដើម។
ចូលរួមក្នុងពិធីនេះដែរ លោក មួង សូនី ប្រធានក្រុមការងារសមាគម ១០០ រាត្រីបានថ្លែងថា ការចូលដាំកូនឈើនៅថ្ងៃនេះនឹងផ្តល់ប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។
ចំណែកលោក គោរម្យ ដាឡា ប្រធានសមាគមនិស្សិតសន្តិភាព ដើម្បីប្រជាធិបតេយ្យ បានលើកឡើងថា ការដាំ និងថែរក្សាព្រៃឈើឱ្យនៅគង់វង្ស ដើម្បីមនុស្សជំនាន់ក្រោយ ហើយត្រូវគិតថា ការចូលលើវិស័យបរិស្ថាន គឺជាកាតព្វកិច្ចទាំងអស់គ្នា។ ដូច្នេះ ការបណ្តុះស្មារតីឱ្យរួមគ្នាដាំកូនឈើឡើងវិញ គឺជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់បង្កើនគម្របបៃតងនៅកម្ពុជា៕
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា