លោក ហ្សេលេនស្គី ចង់អញ្ជើញរុស្ស៊ីឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគួរតែបញ្ជូនអ្នកតំណាងមកចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ដែលគ្រោងធ្វើឡើងជាលើកទីពីរ ក្នុងគោលបំណងធានាសន្តិភាពយូរអង្វែងជាមួយវិមានក្រឹមឡាំង បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាងពីរឆ្នាំ។

ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងគៀវ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ លោក ហ្សេលេនស្គី បានបង្ហាញពីគោលបំណងចង់បើកទ្វារឱ្យមានការចរចាដោយផ្ទាល់ជាមួយមន្ត្រីមកពីប្រទេសរុស្ស៊ី។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំជឿថា អ្នកតំណាងរុស្ស៊ីគួរតែមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែនលើកទីពីរ។

លោក ហ្សេលេនស្គី ក៏បានរំលឹកឡើងវិញដែរថា អ៊ុយក្រែនមិនត្រូវបានគេដាក់សម្ពាធឱ្យចូលចរចាជាមួយរុស្ស៊ីទេ ហើយថា ជំនួយផ្នែកយោធា ឬហិរញ្ញវត្ថុរបស់លោកខាងលិច ក៏មិនត្រូវបានកំណត់លក្ខខណ្ឌ ក្នុងការជួបពិភាក្សាជាមួយវិមានក្រឹមឡាំងនោះដែរ។ ស្របពេលជាមួយគ្នានេះដែរ អាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនគាំទ្រការសម្រេចចិត្តរបស់អ៊ុយក្រែនក្នុងការអញ្ជើញរុស្ស៊ីឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរ ប៉ុន្តែបានសម្តែងការងឿងឆ្ងល់អំពីថាតើទីក្រុងមូស្គូត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាបែបនោះដែរឬទេ។

គួរបញ្ជាក់ថា មេដឹកនាំ និងមន្ត្រីកំពូលៗមកពីជាង ៩០រដ្ឋបានប្រមូលផ្តុំគ្នានៅរមណីយដ្ឋានភ្នំស្វីស កាលពីថ្ងៃទី១៥ ខែមិថុនា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនរយៈពេលពីរថ្ងៃ។ នៅពេលនោះ វិមានក្រឹមឡាំងបានចេញមុខអះអាងថា កិច្ចពិភាក្សាណាមួយ ជុំវិញការប៉ុនប៉ងបញ្ចប់ជម្លោះដែលមិនរួមបញ្ចូលប្រទេសរុស្ស៊ី គឺជារឿង “មិនសមហេតុផល”៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner