ក្នុងពេល៨ខែ លោក Elon Musk មានគេប៉ងធ្វើឃាតពីរលើក
វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃចន្ទបាននិយាយថា លោកបានប្រឈមមុខនឹងការប៉ុនប៉ងធ្វើឃាតចំនួនពីរលើកក្នុងរយៈពេល ៨ខែកន្លងមកនេះ។
ការអះអាងរបស់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិករូបនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានរួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាត នៅពេលដែលគាត់ត្រូវបានគេលួចបាញ់សម្លាប់ នៅឯព្រឹត្តិការណ៍ជួបជុំមួយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
នាយកប្រតិបត្តិ SpaceX រូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា មនុស្សពីរនាក់ (ក្នុងពេល ដាច់ដោយឡែកគ្នា) បានព្យាយាមសម្លាប់លោក។ ពួកគេដែលប្រដាប់ដោយកាំភ្លើងត្រូវបានចាប់ខ្លួន ប្រហែល ជា ២០នាទី មុនពេលលោកបើកឡានចេញពី ទីស្នាក់ការកណ្តាលក្រុមហ៊ុន Tesla ក្នុងរដ្ឋតិចសាស់។
ប៉ុន្តែ មហាសេដ្ឋីរូបនេះមិនបញ្ជាក់ពីមូលហេតុដែលនាំឲ្យលោកត្រូវគេប៉ុនប៉ងសម្លាប់នោះទេ។
លោក Elon Musk មានទ្រព្យសរុបជាង ២៥២ ពាន់លានដុល្លារគិតត្រឹម ឆ្នាំ ២០២៤ ដោយទទួលបានតំណែងជាមហាសេដ្ឋីដែលមានបំផុតនៅលើពិភពលោក នាំមុខលោក Jeff Bezos ដែលមានត្រឹម ជាង២០៣ ពាន់លានដុល្លារ និងលោក Bernard Arnault មានចំនួន ២០០ពាន់លានដុល្លារ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Forbesindia៕
ប្រភព: livemint ប្រែសម្រួលដោយ: ឈឹម ទីណា