សមិទ្ធផលជាប្រវត្តិសាស្រ្តរបស់តុលាការខ្មែរក្រហម ត្រូវបានគេចាត់​ទុក​កម្ពុជាថា ជាប្រទេសមួយដែលមានសក្ដានុពលក្នុងតំបន់ ក្នុងការកសាង​សន្តិភាព និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ

(ភ្នំពេញ)៖ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្ដីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយ ដែលមានសក្តានុពលជាងគេនៅក្នុងតំបន់ ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវ ចំពោះមុខច្បាប់ ។

សម្ដេចធីបតី បានបន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាល ផ្តល់គោលការណ៍ ដើម្បីឱ្យសិក្សា និងរៀបចំបង្កើតវិទ្យាស្ថាន របស់រដ្ឋមួយ ដែលទទួលបន្ទុកកេរ្តិ៍ដំណែលរបស់អ.វ.ត.ក. ដើម្បីចងក្រងគ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកចំណេះដឹង និងផ្តល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីឈ្វេងយល់បន្ថែម អំពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ក៏ដូចជា ជោគជ័យនៃដំណើរការជំនុំជំរះក្តីរបស់អ.វ.ត.ក. ។

ទន្ទឹមគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារ រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់ និងរដ្ឋបាលនៃ អ.វ.ត.ក. ក៏បន្តការពិចារណាឱ្យបានស៊ីជម្រៅ ទៅលើចំណុចចំនួន ៦ទៀត រួមមាន៖

ទី១-អំពីតួនាទី និងការទទួលខុសត្រូវស្នូលរបស់វិទ្យាស្ថាន (Core Roles and Responsibilities), ទី២-អំពីឈ្មោះនិងរចនាសម្ព័ន្ធ (Name and Structure), ទី៣-អំពីឋានៈនិងទម្រង់ (Status and Modality), ទី៤ អំពីដៃគូសហប្រតិបត្តិការ (Partners of Cooperation),ទី៥-អំពីការវាយតម្លៃផលប៉ះពាល់ (Impact Assessment), និងទី៦-អំពី តម្រូវការថវិកា (Budget Requirements)។

សូមជម្រាបថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរវាងភាគី រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជា​តុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាល ឬអង្គការ​សហ​ប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មលើមេដឹកនាំកំពូលៗ ដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩។ ក្រោយដំំណើរការអស់រយៈពេល១៦ឆ្នាំ ការកាត់ទោស ទៅលើមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម បានបញ្ចប់ប្រកបដោយជោគជ័យ កាលពីចុងឆ្នាំ២០២២ ជាមួយនឹងការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ក្នុងដំណើរការនាំកាត់ក្តីនេះ បានបន្សល់នូវ បណ្ណសារតុលាការ ចំនួនសរុប ២៣៣,៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង) ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner