សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ និសិ្សត ទៅសិក្សានៅក្រៅប្រទេស ត្រូវធ្វើខ្លួនជាឯកអគ្គរាជទូត ត្រូវស្វែងរកផលប្រយោជន៍ និង ការពារតម្លៃជូនជាតិមាតុភូមិ

(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបសំណេះសំណាល និងការផ្តល់អនុសាសន៍ដល់និសិ្សតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី នាព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានលើកឡើងថា ការទទួលបានឱកាសទៅសិក្សានៅប្រទេសសិង្ហបូរី និងជប៉ុន របស់ជ័យលាភីទំាងអស់ មិនត្រឹមជាមោទកភាពរបស់ខ្លួន និងក្រុមគ្រួសារផ្ទាល់នោះទេ តែជាមោទកភាពមួយសម្រាប់ប្រទេសជាតិថែមទៀតផង។

សម្តេច មានសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំង ៣០នាក់ ដែលទៅសិក្សានៅប្រទេសជប៉ុនចំនួន ២៥នាក់ និងសិក្សានៅសិង្ហបូរីចំនួន ៥នាក់ នឹងក្លាយជាធនធានដ៏សំខាន់និងមានតម្លៃ ជាស្ពានសម្រាប់ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់ ។

សម្តេចប្រធានរដ្ឋសភា បន្តថា ការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនេះ ជាការប្រសើរខ្លាំងណាស់ ព្រោះទំាងប្រទេសជប៉ុន និងសិង្ហបូរី ជាប្រទេសដែលមានការអភិវឌ្ឃ រីកចម្រើនជឿនលឿនខ្លាំង ហើយគេតែងចាត់ទុកប្រទេសនេះ ជាប្រទេសមួយដែលមានការរីកចម្រើន ជឿនលឿនក្នុងតំបន់ និងនៅលើលោកពិភពលោកខាងប្រព័ន្ធសិក្សាអប់រំ។

ក្មួយៗនិស្សិតទំាងអស់ដែលបានកើត និងធំធាត់នៅក្នុងសម័យសន្តិភាពនេះ ពិតជាមានសំណាងខ្លំាងណាស់ បើប្រៀបធៀបទៅនឹងសម័យសម្តេចនិងថ្នាក់ដឹកនាំផ្សេងទៀត កាលនៅវ័យក្មេង។ កាលនៅជាយុវជន សម្តេចបានជាប់អាហារូបករណ៍ Columbo នៃប្រទេសអូស្រា្តលី ផងដែរ ប៉ុន្តែមិនបានចេញទៅសិក្សានោះទេដោយសារប្រទេសជាតិបានធ្លាក់ក្នុងភ្លើងសង្រ្គាម ដែលរបបប៉ុលពតឡើងគ្រប់គ្រងប្រទេស នៅក្នុងឆ្នាំ១៩៧៥។

សម្តេចរដ្ឋសភាធិបតី បានក្រើនរំឭកថា ចំណេះដឹងនិងបទពិសោធន៍ដែលក្មួយៗនឹងទទួលបានពីក្រៅប្រទេសប្រាកដជាមានតម្លៃក្នុងការរួមចំណែកដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា។“ក្មួយៗអាចចាត់ទុកជាអ្នកដឹកនាំវ័យក្មេង ដែលពោរពេញទៅដោយក្តីសុបិន ថាមពល និងការលើកទឹកចិត្ត ដែលនឹងរួមចំណែកនាំ ប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ផ្តាំផ្ញើឱ្យក្មួយៗនិស្សិតថែរក្សាសុខភាពឱ្យបានល្អ ចេះសាមគ្គីគ្នា ក្នុងអំឡុងពេលនៅឆ្ងាយពីផ្ទះ ពីគ្រួសារ និងត្រូវខិតខំស្រូបយកចំណេះដឹង និងប្រាជ្ញាជាក់ស្តែងពីប្រទេសគេ ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង និងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។

ជាចុងក្រោយ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់និស្សិតទំាងអស់ត្រូវរក្សាឱ្យបានគត់មត់នូវឱកាសដ៏សំខាន់នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបប្រកបដោយបញ្ញាញាណ សីលធម៌ វិន័យ និងសេចក្តីថ្លៃថ្នូរ។ ជាងនេះទៀតត្រូវរក្សាសុខភាពឱ្យបានល្អខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ និងត្រូវបង្កើតមិត្តភាពល្អ និងសាមគ្គីរវាងគ្នា និងតភា្ជប់ទំនាក់ទំនងជាមួយប្រជាជនសិង្ហបុរី ជប៉ុន និងប្រទេសផ្សេងទៀត តាមដែលអាចធ្វើទៅបាន ព្រោះការតភ្ជាប់ទាំងនេះនឹងបង្កើននូវបទពិសោធន៍ ការសិក្សាផ្ទាល់ខ្លួន និងរួមចំណែកដល់ទំនាក់ទំនងអន្តរជាតិកាន់តែរឹងមាំផងដែរ។ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តថា យុវជនត្រូវធ្វើខ្លួនជាឯកអគ្គរាជទូតម្នាក់តំណាងប្រទេសជាតិ និងត្រូវស្វែងរកផលប្រយោជន៍ជូនជាតិមាតុភូមិ ការពារតម្លៃប្រទេសជាតិ នៅគ្រប់ពេលវេលា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner