ធនាគារជាតិនៃកម្ពុជា និងដៃគូពាក់ព័ន្ធ បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុ តាមមូលដ្ឋាន

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ រួមជាមួយដៃគូអភិវឌ្ឍ បាននិងកំពុងយកចិត្តទុកដាក់ បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់ សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្រ្តី និងប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។

នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងនៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្ដីពី “វិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តរតនគីរី នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានថ្លែថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបង្ហាញពីការវិវត្ត និងរីកចម្រើនយ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយវិសមភាព ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។ វិស័យនេះ បានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួនប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបានបន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព មានកិច្ចការពារ និងបរិយាបន្ន។

ឯកឧត្តមបន្តថា ទោះបីយ៉ាងណាក្តី វិស័យនេះ ក៏កំពុងទទួលរង នូវការចោទប្រកាន់ និងការព្រួយបារម្ភពីអង្គការសង្គមស៊ីវិល មួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួសពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់បំណុលលើសលប់ ការអនុវត្ត សកម្មភាពប្រមូលបំណុល ដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រ កាត់បន្ថយរបបអាហារ លក់ដីធ្លី ធ្វើចំណាក ស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ការសិក្សា និងការជិះជាន់លើពលកម្មកុមារ ដើម្បីអាចទូទាត់សងប្រាក់។ បញ្ហាចម្បងៗ ដែលជាដើមហេតុ នៃការចោទប្រកាន់ទាំងនេះ រួមមាន៖ ការផ្ដល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមាន កម្រិតទាប ការឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សាយនៃដំណើរការវាយតម្លៃក្នុងការផ្តល់ឥណទាន ការផ្តល់ឥណ ទានដោយផ្ដោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការពិន័យផ្សេងៗក្នុងកម្រិតខ្ពស់ និងការអនុវត្តការងាររបស់បុគ្គលិកគ្រឹះស្ថាន ដោយគ្មាន ក្រមសីលធម៌វិជ្ជាជីវៈជាដើម។

ទេសាភិបាលរងធនាគារជាតិ បានបញ្ជាក់ថា បញ្ហានេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយបានសហការជា មួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី អង្គការ Good Return អង្គការ UNESCAP សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុអន្តរជាតិ និងដៃគូអភិវឌ្ឍពាក់ព័ន្ធ ក្នុងទិសដៅបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយ ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកុមារ ស្រ្តី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។

លោក ឌី ស៊ីថា ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា ធនាគារជាតិ នៃកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ ថែរក្សាសុខុមាលភាព និងនិរន្តរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈ ដែលវិស័យនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគោលដៅរួមចំណែក លើកស្ទួយ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពនៅកម្ពុជា, ហើយវិស័យនេះដែរ បានផ្តល់នូវឱកាសការងារ សម្រាប់ប្រជាជននៅទីក្រុង និងជនបទ និងលើកកម្ពស់ជីវភាពរស់ នៅរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ សំខាន់ជាងនេះទៅទៀត វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានជួយបង្កើនប្រាក់ចំណូលដល់ប្រជាជន អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់នូវប្រាក់កម្ចីសម្រាប់ជាដើមទុនក្នុងការពង្រីកមុខរបរ អាជីវកម្ម និង ការធ្វើកសិកម្មជាដើម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner