NASA កំពុងអភិវឌ្ឍរ៉ុក្កែតលឿនបំផុតក្នុងពិភពលោក

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានចាយទុន ៧២៥,០០០ដុល្លារ ទៅក្នុងបច្ចេកវិទ្យាដ៏ទំនើបមិនធ្លាប់មាន បំពាក់នៅក្នុងរ៉ុក្កែតថ្មីមួយ ដែលអាចជួយកាត់បន្ថយពេលវេលាច្រើនជាងមុន នៅក្នុងកម្មវិធីបញ្ជូនមនុស្សទៅកាន់ភពអង្គារ។

ក្រុមហ៊ុន Howe Industries បានសហការជាមួយអង្គការ NASA ដើម្បីបង្កើតប្រព័ន្ធរ៉ុក្កែត Pulsed Plasma Rocket (PPR) ដែលជាប្រព័ន្ធរ៉ុក្កែតថ្មីមួយ ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើរទៅកាន់ភពអង្គារ ពីរយៈពេលជិតពីរឆ្នាំ មកត្រឹមតែពីរខែប៉ុណ្ណោះ។

អង្គការ NASA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចេកវិទ្យានេះ នឹងរក្សាសក្តានុពល ក្នុងការផ្លាស់ប្តូរការរុករកនៅទីអវកាស ហើយនៅថ្ងៃណាមួយ វានឹងអាចនាំមនុស្សទៅកាន់តែឆ្ងាយជាងភពអង្គារ។ បច្ចុប្បន្ន PPR ស្ថិតក្នុងដំណាក់ កាលទីពីរ នៃការអភិវឌ្ឍ ដែលត្រូវបាន ផ្តល់មូលនិធិដោយកម្មវិធី NASA Innovative Advanced Concepts (NIAC)។

ការសិក្សាដំណាក់កាលទី២នេះ គ្រោងនឹងចាប់ផ្តើមនៅខែកក្កដានេះ ហើយផ្តោតលើការបង្កើនប្រសិទ្ធភាពនៃការរចនាម៉ាស៊ីន និងការរចនាយានអវកាសការពារដោយថាមពល PPR សម្រាប់បេសកកម្មនាំយកមនុស្សទៅកាន់ភពអង្គារ។ យានអវកាសបំពាក់ PPR ដែលដឹកអវកាសយានិកពី ៤ ទៅ ៦នាក់ នឹងអាចធ្វើដំណើរក្នុងល្បឿនប្រហែល ១៦ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា សម្រាប់អវកាសយានិក ការចំណាយពេលច្រើន ក្នុងការហោះហើរ ក្នុងលំហអាកាស គឺមានហានិភ័យធំដល់សុខភាព។ ជាពិសេស វិទ្យុសកម្មអវកាស គឺជាការគំរាមកំហែងធំបំផុត។ ជាក់ស្តែង អវកាសយានិកដែលចំណាយពេលត្រឹមតែ ៦ខែនៅក្នុងលំហអាកាស នឹងត្រូវប៉ះពាល់ជាមួយបរិមាណវិទ្យុសកម្មប្រហែល ១,០០០កាំរស្មីអ៊ិច ការនេះនឹងធ្វើឱ្យពួកគេប្រឈមនឹងជំងឺមហារីក ការខូចខាតប្រព័ន្ធប្រសាទ និងជំងឺបេះដូង នេះបើយោងតាមការអះអាងរបស់អង្គការណាសា៕

ប្រភព: Bussiness insider ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner