រដ្ឋបាលខេត្តនិងក្រសួងការងារចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល

បាត់ដំបងៈរដ្ឋបាលខេត្តបាត់ដំបង និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយស្ដីពី “ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ”នាសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានវត្តមានចូលរួមពីតំណាង និង ថ្នាក់ដឹកនាំខេត្តបាត់ដំបង សមាជិកក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រមាណ ៤០០នាក់។

ថ្លែងក្នុងឳកាសនេះ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថាតាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រ ចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺបុគ្គលស្វ័យនិយោជន៍និងអ្នកនៅក្នុង បន្ទុកសមាជិក ប.ស.ស.ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និង ថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស.បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នានឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសព នៅ
ពេលពួកគាត់ទទួលមរណភាព…។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់នៅទូទាំងប្រទេស ក្រសួងនឹងពង្រីកការដាក់ពង្រាយនូវការបណ្តុះបណ្តាល តាមសហគមន៍ សម្រាប់ជំនាញសាមញ្ញៗ ដូចជា៖ផ្នែកសេវាកម្ម និងជំនាញពាក់ព័ន្ធនឹងកសិកម្ម និងកសិ-ឧស្សាហកម្មជាដើម
។លៗ
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានលើកឡើងថា គិតចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជា្ជជីវៈនិង បច្ចេកទេស ១,៥លាននាក់ មកដល់ពេលនេះខេត្តបាត់ដំបង ទទួលបានសិស្សចូលរៀន ជាង៦.០០០នាក់ ក្នុងនោះសិស្សមានការងារធ្វើជាង២០០នាក់។

លោក សឿម ប៊ុនរិទ្ធិ បន្តថា ខេត្តបាត់ដំបងមានរោងចក្រសហគ្រាសបានចុះបញ្ជិកាសរុបចំនួន ១ ២៧៣ សហគ្រាស មានសមាជិកក្នុងវិស័យឯកជនចំនួន២៤ ២៣៦នាក់ និង វិស័យសាធារណៈ ៤ ៦៩៦នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៣ ០២៣នាក់ បានដាក់ឱ្យសហគ្រាសជាប់ភាគទានចំនួន១ ២២៥សហគ្រាស មានសមាជិក ចំនួន ៩ ៩៩៦នាក់ និង បុគ្គលស្វ័យនិយោជន៍ចំនួន ២ ៦៣៤នាក់៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner