បេឡាជាតិសន្តិសុខសង្គមផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស

រតនគិរីៈរដ្ឋបាលខេត្តរតនគិរីកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤បានប្រារព្ធពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម(ប.ស.ស.)ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ក្រោម អធិបភាពលោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.សតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាតំណាង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌុច ចាន់តូ អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក ឌុច ចាន់តូ បានលើកឡើងថា គោលបំណងនៃពិធីផ្សព្វផ្សាយនេះដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ី ជម្រៅច្បាស់លាស់បន្ថែមទៀតទៅលើរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ និងសហព័ន្ធកូនក្នុងបន្ទុក ព្រមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់អ្នកក្នុងបន្ទុកមន្ត្រីសាធារណៈ រួមមាន ប្តី ប្រពន្ធ និង កូន របស់មន្ត្រីសាធារណៈ ដែលពួក គាត់អាចទៅប្រើប្រាស់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រនៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូជាមួយ (ប. ស. ស) តាមរយៈការប្រើប្រាស់បណ្ណ (ប.ស.ស) និងការទទួលបានប្រាក់បំណាច់មាតុភាព ពី (ប.ស.ស) ផងដែរ។

ថ្លែងក្នុងពិធីនេះលោក ប៉ែន នរៈវុធ បានលើកឡើងថា ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ជាសសរស្តម្ភសំខាន់ក្នុងការរួមចំណែក កសាងសង្គមជាតិ ក្នុងនោះមានសសរស្ដម្ភចំនួន ២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដោយ ប្រព័ន្ធជំនួយសង្គម ជាកម្មវិធីជំនួយសង្គម ដែលទ្រទ្រង់ដោយថវិការបស់រាជរដ្ឋាភិបាល។

ដោយឡែកប្រព័ន្ធសន្តិសុខសង្គម គឺជាប្រព័ន្ធមួយនឹងជំរុញឳ្យប្រជាជនគ្រប់រូបចូលរួមតែបន្តិចបន្តួចក្នុងការបង់ភាគទាន នៅក្នុងមូលនិធិមួយ ដើម្បីការងារហានិភ័យពីការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចាស់ជរា និងនៅពេលមានតម្រូវ ការសេវាថែទាំសុខភាព ព្រមទាំងហានិភ័យផ្សេងៗទៀត។ តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចដល់ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាប្រតិបត្តិករតែមួយគត់អនុវត្តប្រព័ន្ធសន្តិសុខសង្គមរួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។

អគ្គនាយករងបន្តថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ចេញនូវគោលនយោ
បាយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស គឺជាកម្មវិធីអាទិភាព១ ចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការផ្តល់ ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ភាពពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការដាក់ឱ្យដំណើរការកម្មវិធីនេះ មានគោលបំណងពង្រីកវិសាលភាព នៃការផ្តល់ការថែទាំសុខភាពបន្ថែមក្រៅពីសមាជិក ប.ស.ស. ជាបងប្អូនកម្មករនិយោជិត និងមន្ត្រីសាធារណៈ។ បន្ទាប់ពីថ្ងៃប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ប.ស.ស នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានធ្វើយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំតាម ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជន និងបន្តការងារផ្សព្វផ្សាយ រហូតមកត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤សរុបចំនួន ៨.៨៨៧លើក ដែលមាន អ្នកចូលរួមចំនួន ១.៤០៨.៣៧៥នាក់៕
ដោយ គតិ យុត្ត

ads banner