អភិបាលខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

កំពង់ធំ: នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព និងស្ថានភាពភូមិសាស្ត្រក្នុងខេត្តកំពង់ធំ ។

 ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ដែលឈរជើងនៅទីបញ្ជាការស្រាលទាំង ១៤គោលដៅនៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ និងតំបន់វាលក្រោម (តំបន់៣) ក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលកន្លងមក ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធិភាព និងសុំបន្តនិរន្តរភាពការងារនេះ ឱ្យបានល្អប្រសើថែមទៀត ។ 

 ក្នុងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានជួយឧត្ថម្ភដល់កម្លាំងដែលឈរជើងប្រចាំការទីបញ្ជាការស្រាលទាំង ១៤គោលដៅ ដោយក្នុងមួយគោលដៅ ទទួលបានថវិកាចំនួនមួយលានរៀល ប្រេងសាំងចំនួន ១០០លីត្រ អង្ករ ៣០០គីឡូក្រាម ភេសជ្ជចំនួនប្រាំកេស ។ដោយឡែកទីបញ្ជាការស្រាលសម្រាប់អន្តរាគមន៍ បន្ថែមនូវអង្ករចំនួន ៥០០គីឡូក្រាម។ បន្ថែមលើនេះទៀតទីបញ្ជាការស្រាលដែលឈរជើងនៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ ចំនួន៧គោលដៅ ឯកឧត្តមអភិបាលបានចំណាយថវិកាផ្ទាល់ខ្លួនបន្ថែម ជួយឧបត្ថម្ភម៉ូតូចំនួនពីរគ្រឿង ក្នុងមួយគោលដៅបន្ថែមទៀត៕
ដោយៈ ប៊ុន រដ្ឋា

ads banner