សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុនជប៉ុន បង្កើនការវិនិយោគបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ជប៉ុន បានជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ដែលបច្ចុប្បន្នកំពង់ផែស្វយ័តកម្ពុជា កំពុងឈានទៅដល់ការពង្រីកសមត្ថភាពសម្រាប់ការចូលចតនាវាខ្នាតធំ ។ ទោះបីជាមានការផ្តល់ជំនួយច្រើនពិតមែន ប៉ុន្តែសម្តេចតេជោ សង្កេតឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។

សម្ដេចតេជោក៏បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី កំពុងរៀបចំបរិយាកាសវិនិយោគ ឱ្យកាន់តែប្រសើរឡើង។ សម្ដេច ចង់ឱ្យក្រុមហ៊ុនជប៉ុន បង្កើនការវិនិយោគបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។ ជាមួយគ្នានោះ សម្ដេចតេជោ ពិតជារីករាយចំពោះការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានមោទនភាព ដែលបានធ្វើការជាមួយជប៉ុន អស់រយៈពេល ៣៤ឆ្នាំកន្លងមកនេះ ។

ជាការឆ្លើយតបនឹងការជំរុញវិនិយោគជប៉ុនមកកម្ពុជា សមាជិកព្រឹទ្ធសភាជប៉ុន នឹងពាំនាំខ្លឹមសារនេះ ទៅដល់រដ្ឋាភិបាលជប៉ុន និងជាពិសេស ទៅរដ្ឋមន្រ្តីសាធារណការជប៉ុន ដែលជាសមាជិកគណបក្ស Komeito ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ឱ្យបានច្រើន និងសម្បូរបែបថែមទៀត ដែលជាកត្តាសំខាន់សម្រាប់អ្នកវិនិយោគ ។

ឯកឧត្តមក៏បានគោរពនូវភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ក្នុងការស្វែងរកសុខសន្តិភាព កសាងប្រទេស និងអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមក៏មានមោទនភាពដែលជប៉ុន និងកម្ពុជាឈានទៅដល់ការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២៣ ដែលទំនាក់ទំនងនេះ បាននាំឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានពង្រីកទៅដល់វិស័យយោធា សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឌីជីថល Cyber ការប្រែប្រួលអាកាសធាតុ ជាដើម។

សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តម YAMAGUCHI ចំពោះការរំលឹកពីដំណើរទស្សនកិច្ចមកកម្ពុជា ក្នុងអំឡុងជាង ៣២ឆ្នាំមកនេះ គឺចាប់តាំងពីប្រទេសកម្ពុជា កំពុងមានសង្រ្គាមនៅឡើយ និង សូម្បីតែក្រោយឆ្នាំ១៩៩៣ គឺនៅពេលដែល UNTAC ចាកចេញពីកម្ពុជាទៅហើយក៏សង្រ្គាមមិនទាន់បានបញ្ចប់ទាំងស្រុងដែរ។

ឯកឧត្តម គឺជាសាក្សីរស់ ដែលបានមើលឃើញពីការពិតនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយសារកត្តាសន្តិភាព ហើយសន្តិភាពកំពុងគ្របដណ្តប់ពេញប្រទេសកម្ពុជា រកមកបានយ៉ាងលំបាកណាស់។ សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ ប្រទេសជាច្រើនស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដោយមិនខ្វល់ពីកត្តាសន្តិភាពក្នុងប្រទេស ដែលប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូលទេ។ សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានពីព្រោះមានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ ។

សម្តេចតេជោបានឱ្យដឹងទៀតថា ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុនក្នុងការបោសសម្អាតមីន ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ ព្រោះយើងដោះមីនបានប៉ុណ្ណា គេក៏នឹងដាក់បន្ថែមប៉ុននោះ។ សម្តេចតេជោបានបញ្ជាក់ផងដែរថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។ សម្តេច បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនមកដល់កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងការបោសសម្អាតមីន។ តាមរយៈគណបក្ស Komeito សម្តេចសូមស្នើជប៉ុនបន្តគាំទ្រជួយកម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជា គ្មានមីន២០២៥” ក៏ដូចជាជួយដល់អ៊ុយក្រែន និងប្រទេសដទៃទៀត ដែលបញ្ជូនកម្មសិក្សាមកទទទួលការបណ្តុះបណ្តាលនៅកម្ពុជា។

សម្ដេចតេជោ ក៏បានសម្តែងនូវក្តីមោទនភាព ដែលបានបើកទ្វារឱ្យជប៉ុន បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចេញមកកម្ពុជាមុនគេ ។

ឯកឧត្តម YAMAGUCHI បានថ្លែងអំណរគុណសម្តេចតេជោ និងបានកត់ត្រាយ៉ាងច្បាស់លាស់ពីទស្សនៈប្រកបដោយគតិបណ្ឌិតរបស់សម្តេចអំពីគុណតម្លៃនៃសន្តិភាព ដាច់ខាត ត្រូវមានសន្តិភាព ទើបអាចធ្វើការដោះមីន អភិវឌ្ឍប្រទេស និងមាននីតិរដ្ឋបាន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner