U.Nនៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់នៃអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និងឆាប់រហ័សរបស់កម្ពុជា ចាប់តាំងពីឯកឧត្តម បានមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០១៣។

ឯកឧត្តម Miguel De Serpa Soares ក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវជោគជ័យក្នុងកិច្ចដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ លើការរៀបចំសម្ភារៈបរិក្ខារ បណ្ណាល័យ និងការក្សាទុកឯកសារ របស់ អ.វ.ត.ក ហើយអង្គការសហប្រជាជាតិ នៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក ។

ជាការឆ្លើយតប សម្ដេចធិបតី បានអរគុណចំពោះការគាំទ្រ របស់អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការប្រកបដោយជោគជ័យ នៃ អ.វ.ត.ក. ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ដែរថា ការជំនុំជម្រះរឿងក្ដី របស់របបប្រល័យពូជសាសន៍កម្ពុជា មិនបញ្ចប់ត្រឹមប៉ុណ្ណេះនោះទេ តែត្រូវតែបន្តនូវកិច្ចការមួយចំនួន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា នាពេលអនាគត ក៏ដូចជាសម្រាប់ពិភពលោកទាំងមូលផងដែរ។

ក្នុងន័យនេះ សម្តេចធិបតី បានជម្រាបជូនឯកឧត្ដមអគ្គលេខាធិការង ថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំនូវយន្តការដ៏សមស្របមួយ ក្នុងការថែរក្សា និងទុកដាក់នូវឯកសារសំណុំរឿង ដែលមានចំនួនជាង ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ បារាំង និងអង់គ្លេស) ដើម្បីទុកជាទ្រព្យសម្បត្តិមនុស្សជាតិ ដល់ពិភពលោកទាំងមូល សម្រាប់ឱ្យអ្នកជំនាន់ក្រោយ ក្នុងការស្វែងយល់ និងសិក្សាអំពីអំពើប្រល័យពូជសាសន៍ និងបញ្ចៀសនូវអំពើប្រល័យពូជសាសន៍ដែលអាចកើតមានឡើងនៅលើពិភពលោក។

ឯកឧត្តមអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ហើយគោរពបញ្ជាក់ជូន សម្តេចធិបតីថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រកម្ពុជា លើកិច្ចការដ៏មានសារ:សំខាន់នេះ ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា សុខសន្តិភាព គឺជាកត្តាមួយមិនអាចកាត់ថ្លៃបាន និងជាកត្តាចម្បង សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ក្នុងន័យនេះ ដើម្បីឱ្យពិភពលោកទាំងមូលមានសុខសន្តិភាព គឺយើងទាំងអស់គ្នា ត្រូវរួមគ្នា និងសហការគ្នា ដោយធ្វើយ៉ាងណាបញ្ចៀសឱ្យបាននូវរាល់សង្គ្រាម និងជម្លោះ ដែលអាចកើតមានជាយថាហេតុ។

សម្ដេចធិបតី បានជូនពរឯកឧត្តម Miguel De Serpa Soares និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយ សុខសុវត្ថិភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner