ទូតហ្វីលីពីន ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ហ្វីលីពីន-កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបន្តពង្រឹង និងពង្រីក​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូត របស់លោកជំទាវនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានរំឭកពីទំនាក់ទំនងការទូត ដ៏យូរលង់​រវាង​កម្ពុជា-ហ្វីលីពីន ហើយតាមរយៈទំនាក់ទំនងនេះ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ ក៏កាន់តែរីកចម្រើន ហើយសម្ដេចធិបតី ជឿជាក់ថា ក្នុងបេស​កកម្មការទូត របស់លោកជំទាវ ទំនាក់ទំនងនេះ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត ។

សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សា អំពីការបន្ត​ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លេីវិស័យជាច្រើន រួមមានវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការខិតខំបន្ថែមទៀត លើការជំរុញ កំណើនទំហំពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម, ការជំរុញវិស័យទេសចរណ៍តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាបនៃព្រះរាជាណាចក្រ​កម្ពុជា, វិស័យអប់រំ និងវិស័យសំណង់ជាដើម។

បន្ថែមពីនេះ សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏ពិភាក្សាអំពីការបន្ត​កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្ដិសុខជាតិ ដូចជាការធ្វើ​លំហាត់រួមគ្នា ការបណ្ដុះបណ្ដាល និងការប្រយុទ្ធប្រឆាំង នឹងបទល្មើសឆ្លងដែន ។

សម្ដេចធិបតី បានជូនពរដល់លោកជំទាវ ឯកអគ្គរដ្ឋទូត ឱ្យទទួលបាន​ជោគជ័យក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា និងបានគូស​បញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួ​នរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គ​រដ្ឋទូតដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner