កម្មករថា ក្រោយមានបណ្ណប.ស.ស.សម្រាប់ខ្លួនឯង និងសមាជិក គ្រួសារលែងភ័យជំពាក់បំណុលគេដោយសារជំងឺ

ភ្នំពេញ៖ កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់លើកឡើងថា ក្រោយមានបណ្ណបេឡាជាតិសន្តិសុខសង្គម ប.ស.ស. សម្រាប់ខ្លួនឯង និងសមាជិកនៅក្នុងបន្ទុក ពួកគាត់លែងព្រួយបារម្ភរឿងជំពាក់លុយគេ ដោយសារមានជំងឺទៀតហើយ។ នេះបើតាមសម្តីលោកសំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា។

លោកថា បណ្ណបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្មករនិយោជិតនៅពេលមានជំងឺ ឬពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ព្រោះវាបានជួយកាត់បន្ថយការ ចំណាយក្នុងជីវភាពរស់នៅ និងជួយលើកស្ទួយសេដ្ឋកិច្ចរស់នៅរបស់ពួកគាត់ កាន់តែប្រសើរឡើង តាមរយៈការអនុវត្តរបបថែទាំសុខភាព ការព្យាបាលជំងឺដោយមិនអស់ប្រាក់ ការទទួលខុសត្រូវលើគ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ដល់បាត់បង់ជីវិតជាដើម។

លោកបន្ថែមថា ជាពិសេសនៅពេលមានបណ្ណ ប.ស.ស. សម្រាប់ខ្លួនឯង និងអ្នកនៅក្នុងបន្ទុក កម្មករនិយោជិតលែងព្រួយបារម្ភរឿងជំពាក់បំណុល​គេដោយសារជំងឺទៀតហើយ ព្រោះបន្ទុកចំណាយ ដែលពួកគាត់ធ្លាប់តែ​មានការបារម្ភនៅពេលខ្លួនឈឺ ឬអ្នកនៅក្នុងបន្ទុកឈឺហើយគ្មានលុយ​បម្រុងទុកនោះ លែងជាបញ្ហាចោទ។

លោកថ្លែងថា៖«កន្លងមកគាត់មានការបារម្ភខ្លាំងណាស់ ក្នុងការនាំសមាជិក​គ្រួសារគាត់ទៅព្យាបាលជំងឺ ដោយហេតុថាព្យាបាលជំងឺម្តងៗ មិនអស់លុយ​តិចទេ ដូច​​​ច្នេះគាត់ត្រូវតែស្វះស្វែង ពុះពារដើម្បីប្រមែប្រមូលថវិកា ដែលគាត់​បានសន្សំទុកផង ឬក៏បងប្អូនខ្លះគាត់ត្រូវលក់របស់ទ្រព្យ ឬខ្ចីអ្នកនេះអ្នកនោះ ដោះស្រាយថ្លៃព្យាបាល ប៉ុន្តែ ពេលក្លាយជាសមជិកបសស គាត់ទទួលបាន​ការព្យាបាលជំងឹដោយមិនបាច់បង់ថ្លៃ រហូតជាសះស្បើយ។»

បើតាមលោកសំ សឿន ដើម្បីឱ្យអ្នកនៅក្នុងបន្ទុកទទួលបានអត្ថប្រយោជន៍ បងប្អូនកម្មករនិយោជិត អាចនាំសមាជិកគ្រួសារនៅក្នុងបន្ទុក ជាប្រពន្ធ ឬប្តី និងកូនៗ ទៅចុះឈ្មោះធ្វើបណ្ណ បសស ឱ្យបានគ្រប់ៗគ្នា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner