អភិបាលខេត្តកណ្តាល រំលឹកដល់គណៈបញ្ជាការក្រុង-ស្រុក ត្រូវទទួល​យកនូវរាល់បណ្ដឹងផ្សេងៗ របស់ពលរដ្ឋ ទោះករណីក្រៅ ឬលើសដែន​សមត្ថកិច្ចខ្លួនក៏ដោយ ក៏ត្រូវជួយសម្របសម្រួលជូនពួកគាត់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន រំលឹកដល់គណៈបញ្ជាការក្រុង-ស្រុក ត្រូវទទួលយកនូវរាល់បណ្ដឹងផ្សេងៗ របស់ពលរដ្ឋ ទោះករណីក្រៅ ឬលើស​ដែនសមត្ថកិច្ចខ្លួនក៏ដោយ ក៏ត្រូវជួយសម្របសម្រួលជូនពួកគាត់។ជាងនេះ ទៅទៀតត្រូវពិនិត្យ និងពង្រឹងតួនាទីរបស់ខ្លួន ត្រូវខិតខំអនុវត្តតាមតួនាទី និងភារវកិច្ចរបស់ខ្លួនដែលក្រសួងមហាផ្ទៃបានកំណត់ឱ្យបានល្អ និងទទួល​ខុសត្រូវខ្ពស់ ទាំងកងកម្លាំង និរដ្ឋបាលក្រុង-ស្រុក ត្រូវតែសហការគ្នាស្អិតរមួត ធ្វើយ៉ាងណាខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនឱ្យល្អប្រសើរ។

ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណបញ្ជាការឯកភាពខេត្ត កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដើម្បីក្តោបបញ្ហារួមដែលបានកើតឡើងតាមមូលដ្ឋានក្រុង-ស្រុកទាំង១៣ យកមកដោះស្រាយ និងពង្រឹងកិច្ចការបន្តទៅមុខ សំដៅធ្វើ​ឱ្យបទល្មើសមានការថយចុះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សាបាន​នូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ​ប្រសិទ្ធ​ភាពខ្ពស់ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កិច្ចការសំខាន់ដែលគណៈបញ្ជាការ​ឯកភាពខេត្ត និងក្រុង-ស្រុកត្រូវយកចិត្តទុកដាក់គឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ដែលកំពុងតែមានការកើនឡើង​ ហើយបញ្ហាល្បែងស៊ីសងខុសច្បាប់គ្រប់​ប្រភេទ បញ្ហាគ្រឿងញៀន និងក្មេងទំនើង គឺឃើញថាគណៈបញ្ជាការឯកភាព​គ្រប់ថ្នាក់ បានខិតខំធ្វើការ​បង្ក្រាបទទួលបានលទ្ធផលល្អ ប៉ុន្តែក៏ត្រូវតែយកចិត្ត​ទុកដាក់បន្តតាមដាន និងចាត់វិធានការបង្ក្រាប ឱ្យកាន់តែបានល្អប្រសើរថែម​ទៀតផងដែរមិនត្រូវធ្វើប្រហែលជាដាច់ខាត។

ឯកឧត្តម គួច ចំរើន ក៏បានធ្វើការ​ណែនាំដល់គណៈបញ្ជាការរដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំសណ្ដាប់ធ្នាបសាធារណៈតាមដងផ្លូវ ឱ្យបានល្អ​ប្រសើរជា​ប្រចាំ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនៅវិធានការច្បាប់​ចរាចរណ៍​ឱ្យបានម៉ឺងម៉ាត់នៅតាមដងផ្លូវ ដោយដាក់កម្លាំងធ្វើការត្រួតពិនិត្យចរាចរណ៍​នៅ​តាម​គោលដៅសំខាន់ៗរៀងៗខ្លួន មន្ទីរអង្គភាពអង្គភាពពាក់ព័ន្ធ ត្រូវ​បន្តការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ស្រទាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អំពីច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើឱ្យជា​ពលរដ្ឋ​ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍ក្នុងខេត្តកណ្ដាលឱ្យមានការថយចុះ។

ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់កងកម្លាំងមានសមត្តកិច្ច ត្រូវបន្ត​​បង្កាប់បទល្មើសផ្សេងៗដែលនៅសេសសល់កុំទុកចោល ត្រូវតែ​បន្តយកចិត្តទុកដាក់តាមដាន ស៊ើបអង្កេតរហូតដល់បង្ក្រាបបានជោគជ័យ។

មួយវិញទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់គណៈបញ្ជាការ​រដ្ឋបាលក្រុង-ស្រុក ត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ​ក្នុងមូល​ដ្ឋានខ្លួន ឱ្យពួកគាត់ជួយចូលរួមផ្តល់ជាពត៌មានពាក់ព័ន្ធនឹងតម្រុយ ទីតាំង​សង្ស័យ និងបទល្មើសនានាក្នុងមូលដ្ឋាន មកកាន់សមត្ថកិច្ច ជាប្រយោជន៍​សម្រាប់ជួយសម្រួលដល់សមត្ថកិច្ចងាយស្រួលតាមដាន និងចាត់វិធាន​ការ​បង្ក្រាបបានទាន់ពេលវេលា ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner