វៀតណាមបានចំណូល៦ពាន់លានដុល្លារ ពីការនាំចេញកាបូប,ស្បែកជើង ក្នុងឆមាសដំបូង

ហាណូយ៖ កាសែតវៀតណាម បានចេញផ្សាយថា ចំណូលបានពីការនាំចេញស្បែកជើង និងកាបូប របស់ប្រទេសមួយនេះ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៤ មាន៦.៥ពាន់លានដុល្លារអាមេរិក។

ផ្អែកតាមការចុះផ្សាយរបស់ VNepxress កាលពីអង្គារ បានឲ្យដឹងថា ការនាំចេញទំនិញស្បែកទាំងនេះ ក្នុងឆមាសទី១ កើនឡើង៥.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមសមាគមស្បែក, ស្បែកជើង និងកាបូប វៀតណាម។

លោកស្រី Phan Thi Thanh Xuan អនុប្រធានសមាគម និងជាអគ្គលេខាធិការ បានមានប្រសាសន៍ថា វៀតណាមបានផ្តោតសំខាន់លើទីផ្សារធំៗ ចំនួន៥ គឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងចិន។ វិស័យនេះកំពុងពង្រីក ទៅកាន់ប្រទេសផ្សេងទៀត ជាពិសេស បណ្តាក្រុមហ៊ុនដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ FTA ជាមួយវៀតណាម។

វិស័យនេះនៅតែទាក់ទាញអ្នកវិនិយោគបរទេស ដោយសារកម្លាំងពលកម្មមានច្រើន និងតម្លៃឈ្នួលថោក។ វៀតណាមរំពឹងថា ចំណូលបានពីទំនិញស្បែក នឹងឈានដល់ចន្លោះពី ២៦ទៅ២៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤ នេះបើតាមកាសែតវៀតណាម VNepxress ដដែល៕

ប្រភព៖ VNexpress, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner