លោក Musk សន្យាផ្តល់ប្រាក់ ៤៥លានដុល្លារក្នុងមួយខែជួយលោក Trump

វ៉ាស៊ីនតោន៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បាននិយាយថា លោកនឹងផ្តល់ប្រាក់ចំនួន ៤៥លានដុល្លារក្នុងមួយខែ ដល់គណៈកម្មាធិការសកម្មភាពនយោបាយថ្មីមួយ ហៅកាត់ថា (PAC) ដែលគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក Donald Trump នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទ។

ការប្រកាសរបស់លោក Musk ធ្វើឡើងនៅថ្ងៃតែមួយដែលលោក Trump ត្រូវបានតែងតាំងជាបេក្ខភាពប្រធានាធិបតីផ្លូវការរបស់គណបក្សសាធារណរដ្ឋ ហើយបន្ទាប់មកលោកបានតែងតាំងសមាជិកព្រឹទ្ធសភា លោក JD Vance ជាអនុប្រធានាធិបតីរបស់គាត់។

គណៈកម្មាធិការសកម្មភាពនយោបាយ (PAC) ដែលគាំទ្រលោក Trump នឹងផ្តោតជាចម្បងលើការផ្សព្វផ្សាយទៅកាន់អ្នកបោះឆ្នោត និងកិច្ចខិតខំប្រឹងប្រែងចុះឈ្មោះ ដោយមានបំណងប្រយុទ្ធប្រឆាំងនឹងយុទ្ធនាការស្រដៀងគ្នាដ៏រឹងមាំជាប្រពៃណីរបស់គណបក្សប្រជាធិបតេយ្យ។

គណៈកម្មាធិការ PAC ត្រូវបានបង្កើតឡើងក្នុងខែឧសភា ហើយបានចុះបញ្ជីក្នុងរដ្ឋតិចសាស់ នេះបើយោងតាមឯកសារសហព័ន្ធ។ PAC រៃអង្គាសប្រាក់បានចំនួន ៨.៧៥លានដុល្លារនៅក្នុងត្រីមាសទីពីរ នេះបើយោងតាមឯកសារដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ហើយមានសាច់ប្រាក់តិចជាង ១០០,០០០ដុល្លារនៅក្នុងដៃគិតត្រឹមចុងខែមិថុនា។ លោក Musk នឹងចាប់ផ្ដើមការបរិច្ចាគប្រាក់របស់គាត់ក្នុងខែនេះ នេះបើយោងតាមកាសែត Journal។

លោក Musk បានគាំទ្រលោក Trump កាលពីថ្ងៃសៅរ៍ ភ្លាមៗបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិករូបនេះ បានរួចផុតពីការប៉ុនប៉ងធ្វើឃាត។ លោក Musk ហាក់កាន់តែមានភាពស្និទ្ធស្នាលជាមួយលោក Trump ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយកាសែត Journal បានរាយការណ៍កាលពីចុងខែឧសភាថា លោក Musk និងលោក Trump បានពិភាក្សាអំពីតួនាទីជាទីប្រឹក្សាសម្រាប់លោក Musk នៅក្នុងរដ្ឋបាលលោក Trump សម្រាប់អាណត្តិទីពីរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner