គ្រំចំពុះទា នៅពាមក្រសោប កំពុងសម្រេចលទ្ធផលដំណាក់កាលដំបូង មុននឹងឈោងចាប់ទីផ្សារអន្តរជាតិ

ខេត្តកោះកុង៖ គ្រំចំពុះទានៅសហគមតំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាសហគមន៍ដ៏មានឈ្មោះល្បីល្បាញទៅលើគ្រំចំពុះទា នាពេលនេះបានសម្រេចជោគជ័យដំណាក់កាលទី១ហើយពោលគឺបានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា (CQS) ថ្នាក់មូលដ្ឋាន។

លោក ថោង រ៉ា មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិ នៃអង្គការ យូនីដូ(UNIDO)បានបញ្ជាក់ក្នុងដំណើរទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយអំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្តកំពត កោះកុង និងព្រះសីហនុ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ឱ្យដឹងថា ៖ គ្រំចំពុះទាក៏ស្ថិតនៅលក្ខណៈជាផលិតផលមួយជោគជ័យក្នុងដំណាក់កាលទី១ដោយក្នុងនេះបានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា មូលដ្ឋាន ដែលនឹងឈោងចាប់យកពេញលេញនៅថ្ងៃខាងមុខ ។

លោកបានប្រាប់ថា ផលិតផលដែលត្រូវនាំចេញទៅកាន់ទីផ្សារអឺរ៉ុប វាទាមទារនូវស្តង់ដាគុណភាព និងសុវត្តិភាពចំណីអាហារ ហេតុនេះបើយើងទម្លុះរបាំងទាំនេះបាន ទើបអាចនាំចេញនូវផលិតផលជលផលរបស់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិពិសេសប្រទេសសហគមន៍អឺរ៉ុបតែម្តង ។

លោកបានបញ្ជាក់បន្ថែមថាក្នុងចំណោមសហគ្រាស និងសិប្បកម្មដែលទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា មានតែ ៧ ប៉ុណ្ណោះទទួលបានពេញលក្ខណៈ ចំណែក១០ទៀតគឺបានត្រឹមថ្នាក់មូលដ្ឋាននៅឡើយទេ។ សម្រាប់សហគ្រាសដែលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជាពេញលេញពិសេសសហគ្រាសផលិតប្រហុកម្សៅគឺអាចមានលក្ខណៈនាំចេញបានហើយពោលគឺនៅតែបំពេញលក្ខខណ្ឌអាជ្ញាធរសមត្ថកិច្ចអនុវត្តប៉ុណ្ណោះ។សម្រាប់ប្រហុក ត្រីងៀតទឹកត្រី ត្រីឆ្អើរផ្សេងទៀតក៏នៅតែរង់ចាំនាំចេញបានហើយ ដែរពោលគឺនៅតែការចុះមកធ្វើសវនកម្មរបស់សហភាពអឺរ៉ុបប៉ុណ្ណោះហើយគេរំពឹងអាចនឹងចុងឆ្នាំនេះឬដើមឆ្នាំក្រោយ។សហគ្រាសដែលអាចនាំចេញបានមុនគេគឺមានចំនួន៥។សហគ្រាសទាំងនេះជាផលិតផលជលផលទឹកសាប។

លោកបានបញ្ជាក់បន្ថែមថា ៖ បន្ទាប់ពីផលិតផលទឹកសាបទាំងនេះអាចនាំចេញបានហើយ សម្រាប់ផលិតផលដែលត្រូវនាំចេញបន្ថែមទៀតមានដូចជាបង្កងទឹកសាប ត្រីវារីវប្បកម្មដែលលោកមើលឃើញកំពុងមានសក្តានុពល។

លោក ប្រាយ អិន ហ្វរណាវី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានបញ្ជាក់ប្រាប់ក្នុងនាមសហភាពអឺរ៉ុបនឹងខិតខំជួយជំរុញ និងពិសេសសហការជាមួយក្រសួងកសិកម្មដើម្បីសំដៅធ្វើយ៉ាងណាអាចនាំគ្រំចំពុះទានៅកម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយក្នុងនេះនឹងជួយទាំងបច្ចេកទេស ការកែច្នៃ ការវេចខ្ចប់ជាដើម ហើយឃើញថាផលិតផលទាំងអស់នេះកំពុងមានសក្តានុពលខ្លាំងណាស់នៅកម្ពុជានាពេលបច្ចុប្បន្ន។

លោកបានថ្លែងថាកន្លងមកតាមរយៈការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះផលិតផលនៅកម្ពុជាទទួលបានជោគជ័យបន្តបន្ទាប់ក្នុងនេះដូចជាផលិតផលម្រេចកំពត និងក៏ដូចជាគ្រាប់ផ្លែចន្ទីដែលសហភាពអឺរ៉ុបគាំទ្រ សុទ្ធតែជាផលិតផលប្រកបដោយសក្តានុពល និងវាកំពុងមានចរាចរនៅលើទីផ្សារសហភាពអឺរ៉ុបរួចហើយ ។ ដោយឡែកសម្រាប់ផលិតផល ជលផលវិញយើងមិនទាន់បាននាំចូលទេ ដោយវាត្រូវការរយៈពេលបន្តិចទៀត។

បើតាម លោក វង្ស តារា ម្ចាស់សិប្បកម្មកែច្នៃគ្រំចំពុះទាបង្គាក្រៀមស្ថិតនៅសហគមតំបន់ការពារធម្មជាតិពាមក្រសោម ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឱ្យដឹងថាតាមរយៈការជួយរកទីផ្សារពីសំណាក់ភាគីពាក់ព័ន្ធក្នុងនេះដូចជាក្រសួងបរិស្ថាន ក្រសួងកសិកម្មឃើញថាកំណើនលក់គ្រំចំពុះទាបានកើនឡើងចំនួន២០ទៅ២៥ភាគរយ ហើយតម្លៃទៀតសោតក៏បានខ្ពស់ជាងមុនដែរ។

លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងពិសេសសហគ្រាសកែច្នៃផលិតផលជលផលនីមួយៗក្នុងការពង្រឹងខ្លួនសម្រាប់នាំចេញទៅកាន់ក្រៅប្រទេសពិសេសបណ្តាប្រទេសសហភាពអឺរ៉ុប។

មន្រ្តីនាំពាក្យក្រសួងកសិកម្មរូបនេះបានបញ្ជាក់ដែរថា”តាមរយៈសហគ្រាសដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា (CQS)នោះត្រូវពង្រឹងខ្លួនក្នុងផលិតផលរបស់ខ្លួនដែលប្រកបដោយគុណភាពពួកគាត់នឹងទទួលបានការកុម្ម៉ង់ទិញមិនថាក្រៅប្រទេសទេសូម្បីតែក្នុងស្រុកក៏ច្រើនឡើងដែរ និងដោយឡែកបើនិយាយពីតម្លៃវិញក៏កាន់តែទទួលបានខ្ពស់ឡើងជាងមុន ។

គួរបញ្ជាក់ថា សម្រាប់ផលិតផលសរុបនៅសហគមន៍ពាមក្រសោបដែលចិញ្ចឹមគ្រំចំពុះទាមានប្រមាណ ២៥០០តោនទៅ៣០០០តោនក្នុងមួយឆ្នាំ ហើយជាទូទៅ សហគមន៍ អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ ។ សម្រាប់ទីផ្សារវិញ គឺមួយផ្នែកក្រៅពីលក់ក្នុងស្រុក ក៏មាននាំចេញទៅលក់នៅប្រទេសថៃ និងប្រទេសវៀតណាម ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner