ជប៉ុនប្រឈមកង្វះបុគ្គលិកថែទាំមនុស្សចាស់ធ្ងន់ធ្ងរ

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណថា ប្រទេសខ្លួននឹងប្រឈមមុខនូវកង្វះបុគ្គលិកថែទាំរហូតដល់ ៥៧០,០០០នាក់ ដើម្បីមើលថែទាំប្រជាជនវ័យចំណាស់ក្នុងឆ្នាំសារពើពន្ធ ២០៤០។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួង សុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន។

បុគ្គលិកថែទាំដែលមានលិខិតបញ្ជាក់ការងារនៅប្រទេសជប៉ុន នឹងទទួលបានប្រាក់ខែជាមធ្យមពី ២,០០០ ទៅ ២,៣០០ដុល្លារ រួមជាមួយការផ្តល់ប្រាក់រង្វាន់ និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុផ្សេងទៀត។ មន្ត្រីជប៉ុនបានព្យាករណ៍ពីចំនួនបុគ្គលិកថែទាំ ដែលត្រូវការសម្រាប់មើលថែមនុស្សចាស់ ដោយផ្អែកលើផែនការដែលបានបង្កើតឡើងដោយខេត្តនីមួយៗរៀងរាល់បីឆ្នាំម្តង។

ក្រសួងសុខាភិបាលជប៉ុនបានព្យាករណ៍ថា ចំនួនបុគ្គលិកថែទាំដែលត្រូវការនៅក្នុងសារពើពន្ធ ២០២៦ គឺមានចំនួន ២.៤លាននាក់ ហើយនៅក្នុងសារពើពន្ធឆ្នាំ ២០៤០ មានចំនួន ២.៧២លាននាក់។ គិតត្រឹមឆ្នាំសារពើពន្ធ ២០២២ មានតែបុគ្គលិកថែទាំចំនួន ២.១៥លាននាក់ប៉ុណ្ណោះ ដែលកំពុងមើលថែទាំមនុស្សចាស់។ ដើម្បីបំពេញតាមតម្រូវការ ប្រទេសជប៉ុនត្រូវការបុគ្គលិកថែទាំបន្ថែមចំនួន ៣២,០០០នាក់នឹងជារៀងរាល់ឆ្នាំជាមធ្យមរហូតដល់ឆ្នាំ ២០៤០។

បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនកំពុង ចាត់ វិធានការ ដើម្បដើម្បីជំរុញចំនួនបុគ្គលិកថែទាំមនុស្សចាស់ តាមរយៈការកែលម្អលក្ខខណ្ឌការងារ និងសម្រួលដល់ដំណើរការជួលបុគ្គលិកពីក្រៅប្រទេស។ ប៉ុន្តែវិធានការទាំងនោះ មិនទាន់គ្រប់គ្រាន់ ដើម្បីបំពេញគម្លាត និងទ្រទ្រង់សេវាកម្ម ក្រោមកម្មវិធីធានារ៉ាប់រងថែទាំរយៈពេល វែងរបស់ប្រទេសនេះទេ៕ ប្រភព: NHK ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner