និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ទទួលការលើកកម្ពស់ការយល់អំពី ភាពជាអ្នកដឹកនាំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងភាពជាអ្នកដឹកនាំ តែងតែអំពាវនាវ លើកទឹកចិត្តឱ្យស្ត្រីដែលមានផ្ទៃពោះ យ៉ាងហោចណាស់ទៅពិនិត្យផ្ទៃពោះឱ្យបាន ៤ដង មុនការសម្រាល ដើម្បីពិនិត្យមើលមេរោគអេដស៍ មេរោគស្វាយ មេរោគថ្លើម និងប្រើឱសថបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

នេះគឺជាអនុសាសន៍មួយចំនួនរបស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងពិធីផ្សព្វផ្សាយស្តីពីការលើកកម្ពស់ការយល់ដឹងអំពី ភាពជាអ្នកដឹកនាំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិដើម្បីសហគមន៍មានសុខភាពល្អ និង មានភាពធន់នឹងអាកាសធាតុ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សប្រមាណ ២៥០នាក់ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ ។

លោក ឈុន ណុច សាកលវិទ្យាធិការងនៃសាកវិទ្យាល័យធនធានមនុស្ស បានថ្លែងអំណរគុណចំពោះក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានចុះមកផ្សព្វផ្សាយការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍ ការថែរក្សាសុខភាព មាតានិងទារក និងភាពធននឹងអាកាសធាតុជូនដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សនាពេលនេះ។

លោកជំទាវ ពុំ ចន្ទីនី បានថ្លែងថា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានកំណត់នូវអាទិភាពខ្ពស់ក្នុងការ ចូលរួមបញ្ចប់ការរើសអើង និងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍, កំពុងលើកទឹកចិត្ត និងគាំទ្រឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍, ពីអ្នករងគ្រោះផ្ទាល់, រួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ឱ្យចូលរួមឆ្លើយតបនៅក្នុងចរន្តជាតិតែមួយ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner