Boeing លក់យន្តហោះ 737 MAX ចំនួន ៣៥គ្រឿង ក្នុងតម្លៃជាង ៤ពាន់លានដុល្លារ

ញូវយ៉ក៖ ក្រុមហ៊ុនអាកាសចរណ៍ Boeing បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងដ៏រឹងមាំមួយ ជាមួយក្រុមហ៊ុន Aviation Capital Group (ACG) ទាក់ទិននឹងការបញ្ជាទិញយន្តហោះ Boeing 737 MAXs ចំនួន ៣៥គ្រឿង។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ការបញ្ជាទិញនេះ រួមមានយន្តហោះ Boeing 737 MAX 8s ចំនួន ១៦គ្រឿង និង 737 MAX 10s ចំនួន ១៩គ្រឿង សរុបចំនួន ៣៥គ្រឿង មានតម្លៃប្រហែល ៤.៥ពាន់លានដុល្លារ។ វាជាការបញ្ជាទិញធំបំផុតនៃត្រកូលយន្តហោះ 737 MAX។

ប៉ុន្តែយន្តហោះប្រភេទនេះ នៅមិនទាន់ទទួលបានវិញ្ញាបនប័ត្រពីនិយតករអាមេរិកនៅឡើយទេ។ យ៉ាងណាមិញ ការបញ្ជាទិញថ្មីដោយ ACG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្ម Tokyo Century របស់ប្រទេសជប៉ុន នឹងនាំឱ្យក្រុមហ៊ុនមួយនេះសរុបមានយន្តហោះBoeing 737 MAX រហូតដល់ ៨២គ្រឿង។

កាលពីខែមិថុនា ក្រុមហ៊ុន Boeing បានប្រគល់យន្តហោះចំនួន ៣៥គ្រឿងនៃត្រកូលយន្តហោះ 737 រួមទាំងយន្តហោះ 737 MAXs ចំនួន ៣៤គ្រឿងផងដែរ បើធៀបនឹងឆ្នាំមុនមានចំនួន ៦០គ្រឿង។

យន្តហោះ 737 MAX 8 អាចផ្ទុកអ្នកដំណើរបានដល់ទៅ ២១០នាក់ អាចហោះហើរក្នុងចម្ងាយអតិបរមា ៦,៤៨០គីឡូម៉ែត្រ ខណៈដែល 737 MAX 10 អាចផ្ទុកអ្នកដំណើរបានរហូតដល់ ២៣០នាក់ អាចហោះហើរក្នុងចម្ងាយអតិបរមា ៥,៧៤០គីឡូម៉ែត្រ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner