ឯកឧត្តម ថោង ខុន ៖ ចូលរួមកីឡាអូឡាំពិក អត្តពលិកត្រូវខិតខំបំបែកកំណត់ត្រារបស់ខ្លួន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស តំណាងសម្តេច បវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលអត្តពលិកដែលត្រូវទៅចូលរួមប្រកួតកីឡាអូឡាំពិក ក្រុងប៉ារីស ប្រទេសបារាំង នឹងចាប់ផ្ដើមពីថ្ងៃទី២៦ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ជំនួបនេះ បានធ្វើឡើង នៅអាគារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៧ កក្តដា ឆ្នាំ២០២៤ ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ គឺជាព្រឹត្តិការណ៍កីឡាធំជាងនៅលើពិភពលោក អត្តពលិកកីឡារូបណាក៏មានក្តីស្រម៉ៃចង់ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដែរ។ ដូច្នោះហើយ យើងជាកីឡាករកីឡាការិនីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅពេលមានឱកាសចូលរួមប្រកួតត្រូវខិតខំប្រកួតឱ្យអស់ពីលទ្ធភាព ពិសេសត្រូវបំបែកកំណត់ត្រាចាស់របស់ខ្លួនឱ្យបាន ឆ្លើយតបតាមស្មារតីកីឡា ឈ្នះដោយយុត្តិធម៍ ចាញ់ដោយកិត្តិយស ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាអត្តពលិកកីឡាទៅចូលរួមតំណាងជាតិ ត្រូវខិតខំប្រកួតឱ្យអស់ពីលទ្ធភាព ជៀសវាងរាល់ការបំពានច្បាប់លក្ខន្តិកៈនៃការប្រកួត គោរពឱ្យបាននូវក្រមសិលធម៌ និងជៀសវាងការប្រើប្រាស់ សារធាតុប៉ូវកម្លាំង ដែលជាសារធាតុហាមឃាត់ក្នុងវិស័យកីឡា ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរបស់ជាតិ។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម បានសូមណូពរឱ្យប្រតិភូកីឡាករកីឡាការិនីចូលរួមទាំងអស់ប្រកាន់ភ្ជាប់នូវអក្បកិរយាថ្លៃថ្នូតំណាងឱ្យកម្ពុជា ដោយជៀសវាងនូវការបំពានបំរាមផ្សេងក្នុងព្រឹត្តិការណ៍ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ជាតិ ពិសេស ហាមប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមផ្សព្វផ្សាយនូវចំណុចអវិជ្ជាមានបន្តិចបន្ទួចរបស់ម្ចាស់ផ្ទះ ហើយ សូមចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗនៃព្រឹត្តិការណ៍ប្រកួតដល់ប្រជាជនកម្ពុជា ក្នុងនាមជាអត្តពលិកកីឡាអូឡាំពិក។ សូមនិយាយតែអ្វីដែលជាគុណតម្លៃនៃការខិតខំរបស់មិត្តភ័ក្តយើងលើការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ឯកឧត្តម ទេសរដ្ឋ មន្រ្តី ក៏បានថ្លែងអំណរគុណចំពោះសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានគិតគូយ៉ាងខ្លាំង ចំពោះវិស័យកីឡា និងអត្តពលិក ដែលត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ សម្តច បានផ្តល់នូវថវិកាឧបត្ថម្ភ ដល់ប្រតិភូចូលរួម ក្នុងម្នាក់៥០០ដុល្លារ ជាការលើកទឹកចិត្តដល់អត្តពលិរបស់យើងផដែរ។

គួរដឹងដែរថា កម្ពុជាមានអត្តពលិក៣រូបលើ២ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងប៉ារីស ប្រទេសបារាំង ក្នុងនោះមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ខណៈហែលទឹកមានកីឡាករកីឡាការិនី២រូប គឺ កីឡាករ កូសុង ដឺ ឡាបរ៉ារ៉ង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី កីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា។ អ្នកទាំង៣ទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ២០២៤នៅក្រុងប៉ារីស ប្រទេសបារាំង នឹងចាប់ផ្ដើមពីថ្ងៃទី២៦ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ អត្តពលិកកម្ពុជាទាំង៣រូបនឹងចាកចេញពីរាជធានីភ្នំពេញនៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ ដោយពិធីបើកចូលរួម ដោយឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន និង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈដែលពិធីបិទការប្រកួត ចូលរួមដឹកនាំប្រតិភូចូលរួម ដោយ ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាគណៈកម្មាធិការប្រតិបត្តិនៃ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner