ឯកឧត្តម ប៉ែន បូណា៖ «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ដើម្បីការពារប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ»

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សង្គមរបស់យើងកំពុងរងការបំពុលយ៉ាងខ្លាំងដោយសារព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមនិងឧបករណ៍ឃោសនានយោបាយរបស់ពួកគេ។ ដូច្នេះ ពួកយើងជាមន្ត្រីអ្នកនាំពាក្យ ក្រុមការងារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការងារយ៉ាងធ្ងន់ និងត្រូវយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីការពារសង្គមយើង និងប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ ញុះញង់ បំផ្លើសបំភ្លៃទាំងនោះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេស យុវជន និងអ្នកជំនួញជាដើម បានឆក់យកឱកាសនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបដើម្បីផលប្រយោជន៍នៃការពង្រីកចំណេះដឹង ពង្រីកមុខរបរ ឬការបង្ហាញចំណុចល្អៗពីប្រទេសជាតិដើម្បីទាក់ទាញទេសចរ និងទាក់ទាញការវិនិយោគជាដើម។ ប៉ុន្តែ វាពិតជាគួរឱ្យសោកស្តាយណាស់ ដែលមានមនុស្សមួយក្រុមបែរជាងប់ងល់នឹងមនោគមន៍វិជ្ជាប្រឆាំងជ្រុលនិយមហើយបានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងផ្លូវខុសដោយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ដើម្បីបំពុលសង្គមទៅវិញ។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ស្ថានភាពបែបនេះ ទាមទារឱ្យពួកយើងទាំងអស់គ្នាត្រូវធ្វើការងារធ្ងន់ និងហត់នឿយយ៉ាងខ្លាំង ទាំងយប់ទាំងថ្ងៃ ដើម្បីការពារសង្គមយើងនិងប្រជាជនយើងចេញពីគ្រោះថ្នាក់នៃការបំពុលដោយសារព័ត៌មានមិនពិតប្រឌិតក្លែងក្លាយទាំងនោះ។ ទោះយ៉ាងណាពួកយើងពេញចិត្តនឹងការងារនេះពីព្រោះជាការងារដ៏សំខាន់ដើម្បីការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានធ្វើដើម្បៅប្រជាពលរដ្ឋ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហៀម ឃួន អភិបាលរងនិងជាអ្នកនាំពាក្យខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត មន្ត្រីរដ្ឋបាលខេត្ត មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្តទាំង៣ប្រភេទ លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាននិងអ្នកនាំពាក្យថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ សរុបជាង ២០០នាក់ ។

ក្នុងនាម ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ហៀម ឃួន បានសម្តែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក ចុះមកជួយបណ្តុះបណ្តាលមន្ត្រីក្នុងខេត្តពោធិ៍សាត់ក្រោមប្រធានបទដ៏មានសារៈសំខាន់ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ស្របពេលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលតម្រូវឱ្យស្ថាប័នរដ្ឋគ្រប់ថ្នាក់ និងគ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន។

ឯកឧត្តម បន្តថា ក្រុមការងារព័ត៌មាននិងនាំពាក្យខេត្តពោធិ៍សាត់ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តមអភិបាល បានធ្វើការងារយ៉ាងសកម្មដើម្បីផ្តល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តម រំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធបានយល់កាន់តែច្បាស់ថែមទៀតអំពីការងារព័ត៌មាន និងនាំពាក្យ ដែលនឹងជួយជំរុញប្រសិទ្ធភាពនៃការងារ អនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់វិស័យ ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាវាគ្មិន បានថ្លែងកោតសរសើរដល់អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានសហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងប្រសិទ្ធភាពក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងការងារព័ត៌មាននិងនាំពាក្យ ដោយសង្កត់ធ្ងន់លើតួនាទី ភារកិច្ច និងការងារស្នូលរបស់អ្នកនាំពាក្យដែលត្រូវពាំនាំព័ត៌មានពិតឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបតាមគ្រប់មធ្យោបាយ និងត្រូវធ្វើយ៉ាងសកម្ម ទាំងការងារបុរេសកម្ម និងការពន្យល់បកស្រាយជូនប្រជាពលរដ្ឋជ្រាបអំពីការពិតដើម្បីការពារពួកគេកុំឱ្យរងការបំពុលដោយព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ គ្រប់ប្រភេទ៕

ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner