ប្រធានតុលាការកំពូល ចូលរួមក្នុងសន្និសីទតុលាការ នៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧ នៅវៀតណាម

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ គណៈប្រតិភូមន្ត្រីតុលាការកំពូល, ប្រធានសាលាដំបូងខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម និងឡាវ និងប្រធានសាលាឧទ្ធរណ៍តំបន់ដែលមានសមត្ថកិច្ចដែនដីជាប់ព្រំដែន ដើម្បីចូលរួមក្នុងសន្និសីទតុលាការ នៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី ៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហូយអាន ខេត្តក្វាងណាម ប្រទេសវៀតណាម។

សន្និសីទនេះ ផ្ដោតទៅលើប្រធានបទសំខាន់ៗចំនួន ៤ រួមមាន៖ ១-ការវាយតម្លៃអំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តសេចក្តីប្រកាសរួម នៃសន្និសីទ លើកទី៦ ឆ្នាំ២០២២ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ, ២-ការចែករំលែកបទពិសោធន៍ក្នុងការជំនុំជម្រះ
លើបទល្មើសព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹង
បទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសគ្រឿងញៀន, ជួញដូរមនុស្ស, ព្រៃឈើ, ធនធានធម្មជាតិ និងបទល្មើសនេសាទ ជាដើម, ៣-ការពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់រវាង តុលាការនៃប្រទេសទាំងបី និង ៤-ការចែករំលែកបទពិសោធន៍លើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាពិសេស ប្រសិទ្ធភាពនៃការ
អនុវត្តបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចការតុលាការ។

សន្និសីទនេះ គឺជាការចូលរួមលើកកម្ពស់ការអនុវត្តន៍ច្បាប់ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ស្តីពីការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់ រាជរដ្ឋាភិបាលកម្ពុជា។

សន្និសីទតុលាការ នៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ បានចាប់ផ្ដើមលើកទី១ ក្នុងឆ្នាំ២០១០ នៅប្រទេសវៀតណាម ដោយប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ២ឆ្នាំម្តង។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទ លើកទី៨ នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner