ត្រីបាឡែនដ៏កម្របំផុតលើពិភពលោក ងាប់នៅលើឆ្នេរនូវែលសេឡង់

វែលីងតោន៖ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា សាកសពត្រីបាឡែនមួយក្បាល ដែលជាប្រភេទសត្វកម្រមានបំផុតនៅលើពិភពលោក ត្រូវបានទឹករលកបោកបក់មកទើរនៅលើឆ្នេរសមុទ្រនៃប្រទេសនូវែលសេឡង់។

ក្រុមអ្នកស្រាវជ្រាវរដ្ឋាភិបាលបាននិយាយថា សាកសពរបស់ត្រីបាឡែនមានប្រវែងប្រហែល ៥ម៉ែត្រនេះ ត្រូវបានគេរកឃើញនៅជិតមាត់សមុទ្រក្នុងខេត្ត Otago ភាគខាងត្បូងកាលពីថ្ងៃទី៤ ខែកក្កដា។ វាត្រូវបានអ្នកជំនាញសត្វសមុទ្រមកពីនាយកដ្ឋានអភិរក្សរបស់ប្រទេសនូវែលសេឡង់ និងសារមន្ទីរជាតិ Te Papa អះអាងថា ជាត្រីបាឡែនឈ្មោល។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ការស៊ើបអង្កេតទៅលើ DNA ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីបញ្ជាក់លំអិតអំពីពូជអំបូររបស់វា។
ប្រធានផ្នែកប្រតិបត្តិការឆ្នេរសមុទ្រ នៃនាយកដ្ឋានអភិរក្ស លោក Gabe Davies បានបញ្ជាក់ថា ត្រីបាឡែននេះគឺជាប្រភេទថនិកសត្វដ៏ធំ ដែលមានគេស្គាល់តិចតួចបំផុតនៅក្នុងសម័យទំនើបនេះ។

លោក Davies បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៨០០ មានត្រីបាឡែនប្រភេទនេះចំនួន ៦ក្បាលប៉ុណ្ណោះ ដែលត្រូវបានចងក្រងជាឯកសារនៅទូទាំងពិភពលោក ហើយមួយក្បាលក្នុងចំណោមទាំងនោះមាននៅក្នុងប្រទេសនូវែលសេឡង់។

សាកសពត្រីបាឡែននេះ នឹងត្រូវរក្សាទុកនៅទីតាំងរក្សាសាកសព ហើយសំណាកហ្សែនរបស់វា នឹងបញ្ជូនទៅសាកលវិទ្យាល័យ Auckland ជាអ្នកថែរក្សា។ វាអាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែ ដើម្បីដំណើរការស្រាវជ្រាវ DNA៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner