លោក វន់ ពៅ៖ សមាគម IDEA គាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីបរទេសធ្វើអាជីវកម្មនៅក្នុងកម្ពុជា

ភ្នំពេញ៖ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលធ្លាប់តែមាននិន្នាការប្រឆាំងបានអះអាងថា សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់លោកមិនមានផែនការប្រមូលកៀរគរកម្លាំងធ្វើបាតុកម្មអ្វីនោះទេ។ លោកសូមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោយ​មិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីបរទេសនៅក្នុងប្រទេសកម្ពុជាឡើយ។

លោក វន់ ពៅ បានបញ្ជាក់ថា លោកគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ​ដោយបញ្ជាក់យ៉ាងច្បាស់ថាមិនអនុញ្ញាត​ឱ្យមានវត្ត​មានរថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាឡើយ។ ហើយសូមគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចធិបតី១០០%។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ច្រើនចំពោះអ្នក​សេដ្ឋ​កិច្ចក្រៅប្រព័ន្ធ។ រដ្ឋាភិបាលអាណត្តិថ្មីនេះ គឺបានមានផែនការគោលការណ៍អភិវឌ្ឍន៍កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ គឺសមាគមប្រជាធិប តេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាំទ្រទាំងអស់រាល់ការដាក់ឡើងនៅគោលនយោ បាយរបស់រដ្ឋាភិបាល។ លោកបានបញ្ជាក់ទៀតថា សម្រាប់សមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) គឺមិនមានផែនការកៀរគរកម្លាំងធ្វើបាតុកម្មអីទេ មិនដឹងខាងណាទេ។ យើងគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងស្រុងតែម្តង។

តាមរយៈសារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោយមិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាឡើយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ជាថ្មីបែបនេះ គឺបន្ទាប់ពីសម្ដេចទទួលបានព័ត៌មានថា មានមនុស្សមួយក្រុម កំពុងកៀងគរអ្នករត់ម៉ុតូឌុប និងកង់បីឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋភិបាល ដោយយកលេសថា រដ្ឋភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនីចរាចរណ៍វិនិយោគក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះសម្ដេចធិបតីក៏បានព្រមានផងដែរចំពោះការប្រឌិតព័ត៌មានទៅក្រឡៃ ក្នុងន័យអវិជ្ជមាននឹងត្រូវប្រឈមមុខច្បាប់ដោយពុំមានការលើកលែង៕
ដោយ៖ពលជ័យ

ads banner