ជួបចៃដន្យជាមួយជាងទុំ អ្នកធ្វើ “ត្រដោក” សម្រាប់អបអរពិធីបើកការដ្ឋានព្រែកជីកហ្វូណន តេជោ

បាត់ដំបង៖ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនក្រុងបាត់ដំបង ប្រមាណជា៥-៦គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ក្នុងដំណើរ​ដោយ​ចៃដន្យ​បានមកពើបជួបប្រទះ “ជាងទុំ” ដែលកំពុងតែ កាន់កាំបិតបន្ទោះផលិត”ត្រដោកឫស្សី” ដោយផ្ចិតផ្ចង់យ៉ាង ប៉ិនប្រសប់​នៅក្នុងលំនៅដ្ឋានផ្ទាល់ របស់លោកស្ថិតនៅ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ជាង ទុំ មានសម្បុរស្រអែម និងរាងស្តើងខ្ពស់។លោកពុំ​មានក្បាលពោះទេ​។ជួបប្រាស្រ័យជាមួយយើង ដោយការ​សួរនាំ​បណ្តើរជា​មួយ”ជាងទុំ” ជាឈ្មោះដែលអ្នកភូមិទីនេះ​ទម្លាប់ហៅលោក​ជាប់មាត់​ងាយស្រួលចាំ និងបានហៅ តៗតាមគ្នា។តែឈ្មោះពិត របស់លោក គឺ ហែម ភារម្យ ។

ស្ថិតក្នុងពាក់កណ្តាលវ័យទៅ​​ហើយ”ជាងទុំ”បានរៀបរាប់​ត្រួសៗ​ប្រាប់ទូរទស្សន៍អប្សរាថា​ “ត្រដោកឫស្សី” ដែល​កំពុងតែ​ផលិត​នៅពេលនេះគឺមិនមែនជាអាជីពឬក៏មុខរ​បរ​ប្រចាំថ្ងៃរបស់លោកនោះទេ តែនេះជាការពឹងពាក់ម្តងម្កាល​និងធ្វើជូនមិត្តភក្តិដែលមក​ពឹងពាក់តែប៉ុណ្ណោះ ហើយក៏ជា​តម្រូវការចាំបាច់ផងដែរ ទើបលោកឆ្លៀតចំណាយពេលវេលា​ធ្វើវា។

លោក ហែម ភារម្យ ហៅ “ជាងទុំ” បានបន្ថែមថា តាមពិត​មុខរបរពិតប្រាកដរបស់លោក គឺជាជាងឈើធ្វើផ្ទះ តុ ទូ កំប៉ិកកំប៉ុក​ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ​តែប៉ុណ្ណោះ។ លោកបន្តថា ការធ្វើត្រដោកនេះទៀតសោត ក៏ជាការពឹងពាក់​ពីលោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច​ខេត្តបាត់ដំបងដែលជាមិត្តភក្តិ។លោក ភួង សិទ្ធ បានយក​ដើមឫស្សី៣-៤​ដើម មកពឹង​ពាក់ឱ្យលោកជួយធ្វើ ត្រដោក ត្រៀមសម្រាប់គោះអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា​ឆ្នាំ២០២៤ខាងមុខ។

ក្នុងដៃកាន់ជាប់នូវដើមប្ញស្សីដែលបម្រុងនឹងកាត់ជាកំណាត់ៗជាងទុំ បាននិយាយប្រាប់យើងថា​ លោកធ្វើ”ត្រដោកឫស្សី”​ដោយមើលគំរូ​របស់គេនិងសុំឱ្យផ្តល់ដើម​ឫស្សី​​តែប៉ុណ្ណោះ។តែប្រសិនមានអ្នកត្រូវការផ្សេងទៀត លោកនឹងធ្វើជូន ដោយគិតកម្រៃពលកម្ម គឺធ្វើត្រដោកមួយតម្លៃប្រាំពាន់រៀល ។ឯដើមឫស្សីលើម្ចាស់អ្នកកុម្ម៉ង់។

ចំណែកលោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងស្តារនីតិសម្បទាខេត្តបាត់ដំបង និងជាម្ចាស់ត្រដោក ដែល​បាន​ពឹងពាក់”ជាងទុំ”ជាមិត្តភក្តិរាប់អានក្នុងភូមិផងជិតខាងគ្នា បានរំលេចបន្ថែមថា នៅសល់មិនដល់កន្លះខែទៀតទេ ព្រែក​ជីក​ប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក នឹងបើក​ការដ្ឋាន​សាងសង់នៅថ្ងៃទី៥ខែសីហា​ខាងមុខ។លោកបន្តថា នេះជាការ​បង្កើត​សមិទ្ធផលថ្មីដែលប្រជាកម្ពុជាត្រូវតែចូលរួមអបអរសាទរ ។ក្នុងនេះមានប្រជាជននៅខេត្តបាត់ដំបងផងដែរ។

គប្បីជម្រាបថា ថ្មីៗនេះរាជរដ្ឋាភិបាល បានណែនាំរួចមក​ហើយដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានជីកព្រែក​ជីកហ្វូណន​តេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្រប់​ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាម​គ្រឹះស្ថាន​សាធារណៈនិងឯកជន ព្រមទាំងជនរួមជាតិ​គ្រប់ៗរូប​ទូទាំងប្រទេស រួមគ្នាធ្វើការ​វាយគង គោះជួង វាយរគាំង ទូងស្គរ ទះប៉ោតនិងគោះត្រដោក តាមគ្រប់​មធ្យោបាយដែលខ្លួនមាន នាវេលា ម៉ោង៩:០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤​ខាងមុខ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ទីស្ដីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យវិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនរដ្ឋ និងឯកជននិងទីប្រជុំសហគមន៍។
ដោយឡែកក្នុងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាល​ខេត្ត បានណែនាំដល់គ្រប់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងបណ្តា​មន្ទីរ ស្ថាប័ន ​អង្គភាព​នានា ក្នុងភូមិសាស្រ្តរដ្ឋបាល​ខេត្ត​ឱ្យអនុវត្តនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល៕
អត្ថបទនិងរូបភាព៖ អ៊ុក សំអាន

ads banner