រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជួបថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកែប

កែប៖ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបាន កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញជួបសំណេះ​សំណាលជាមួយ​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកែប នាសាលប្រជុំរបស់សាលាខេត្ត។

ក្នុងពិធីនេះលោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្តកែបបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម​នានា ក្នុងការ​អនុវត្តការងារប្រចាំថ្ងៃ ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែងរបស់លោកប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកែបទាំងអស់។  ឯកឧត្តម​បានលើក​ឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។

ឯកឧត្តមក៏បានចែករំលែកនូវបទពិសោធន៍ និងវឌ្ឍនភាពការងាររបស់ក្រសួងផែនការ ដែលសម្រេចបាននាអំឡុង​ពេលជាង​១១ខែកន្លងមកនេះ ព្រមទាំងបានផ្ដល់នូវអនុសាសន៍តម្រង់ទិសដល់មន្ទីរផែនការ ដើម្បីបន្តសម្រេចបាននូវលទ្ធផល​ការងារ​នាពេលខាងមុខឱ្យកាន់តែល្អប្រសើរថែមទៀត៕
ដោយ៖ សិលា សារិន

ads banner