នគរបាលខេត្តស្វាយរៀងបង្ហាញមុខជនសង្ស័យម្នាក់និងគ្រឿងញៀនជិតប្រាំបួនគីឡូក្រាម

ស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នេះ បានបង្ហាញមុខជនសង្ស័យ​មួយនាក់​និងគ្រឿងញៀនជិតប្រាំបួនគីឡូក្រាម ដែលបង្ក្រាបបាននៅ​ស្រុក​ស្វាយទាប។

នគរបាលផែនប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបានឱ្យដឹងថាកាលពីថ្ងៃទី១២ ខែកក្កដាវេលាម៉ោង៥និង៣០នាទី នៅ​ចំណុច​​ផ្លូវខ្សែក្រវាត់​ព្រំដែនចន្លោះបង្គោល​ព្រំដែន​លេខ​១៦១-១៦២/១ស្ថិតក្នុងភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយ​ទាប កម្លាំងប៉ុស្តិ៍​នគរបាលច្រកទ្វាតំបន់ព្រំដែនព្រៃតាអី វរ:សេនាតូចការពារព្រំដែន៦១១បានល្បាតនៅតាមបន្ទាត់ខ្សែក្រវាត់ព្រំដែន ក៏​បានជួប​មុខសញ្ញាសង្ស័យជនជាតិវៀត​ណាម​ចំនួនពីរនាក់ ជិះម៉ូតូពីរគ្រឿង។ ដោយមានការសង្ស័យសមត្ថ​កិច្ចក៏បាន​ហៅឱ្យ​ឈប់ដើម្បី​ត្រួតពិនិត្យកញ្ចប់កេសទំនិញ​ដែលដឹកតាមតាមម៉ូតូ ។ពេលនោះជនសង្ស័យដឹងខ្លួនក៏​ផ្តួលម៉ូតូនិងកញ្ចប់ឥវ៉ាន់​ចោល រួចរត់គេចខ្លួន​ចូល​ទៅក្នុង​ទឹកដីប្រទេសវៀតណាមវិញ។

ប្រភពបានបន្តថា នៅពេលកម្លាំងសមត្ថកិច្ចដេញតាមជន​សង្ស័យបានដកអាវុធខ្លីបាញ់សំដៅមកលើសមត្ថកិច្ចជាច្រើនគ្រាប់ តែ​មិនបង្កឱ្យមានគ្រោះថ្នាក់ទេ ។នៅពេលត្រួតពិនិត្យ​កេសឥ​វ៉ាន់ដែលជន​សង្ស័យ​ទម្លាក់ចោលបានរកវត្ថុតាងមួយ​ចំនួនរួមមាន ម្សៅ​ក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទ​កេតាមីន​ចំនួនប្រាំបួនកញ្ចប់ទម្ងន់សុទ្ធ៨៨៦៣,៧៣ក្រាម(៨គីឡូ៨៦៣.៧៣ក្រាម),បង់អាវុធខ្លីមួយមានគ្រាប់បួនគ្រាប់ ,សំបកផ្ទុះបី, ម៉ូតូពីរគ្រឿង និងអត្តសញ្ញាណបណ្ណជនជាតិវៀតណាម​មួយសន្លឹក។

តាមរយៈកិច្ចសហការនៃការបញ្ជូនព័ត៌មានពីសមត្ថកិច្ចកម្ពុជាបានទាន់ពេលវេលានៅវេលាម៉ោង៧ព្រឹកក្នុងថ្ងៃដដែល សមត្ថកិច្ច​វៀតណាមបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនជន​សង្ស័យជាជនជាតិវៀតណាមបានមួយនាក់នៅក្នុងទឹកដីវៀតណាម។ រីឯបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។

បច្ចុប្បន្នសំណុំរឿងរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

សូមជម្រាបថា លទ្ធផលនៃការបង្រ្កាបនេះគឺអនុវត្តតាម​បទបញ្ជា​របស់ឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការ​នគរបាលខេត្ត និងដឹកនាំ​បញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ,ឧត្តមសេនីយ៍ត្រី ប៉ាន់ ស៊ីរ៉ូ ស្នងការរង​ទទួលផែនការងារ​ព្រំដែន និងលោកវរសេនីយ៍ទោ គង់ សាគុន ស្នងការរងទទួល​ដឹកនាំវរ:សេនាតូច​នគរបាល​ការពារព្រំដែន​គោកលេខ៦១១​ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលា​ដំបូងខេត្តស្វាយ​រៀង៕
ដោយ៖នុត នាង

ads banner