មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុនៅស្រុករមាសហែក

ស្វាយរៀង៖ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍​ជនបទតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី​ក្រសួងអភិវឌ្ឍន៍​ជនបទកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤ នេះបានញ្ជើញបើកការដ្ឋានសាង​សង់អណ្ដូងធន់​នឹងការប្រែប្រួល​អាកាស​ធាតុ​ចំនួន ៣០អណ្ដូង និងផ្តល់​សម្ភារៈបង្គន់អនាម័យចំនួន ២០០បង្គន់ របស់ក្រសួង​អភិវឌ្ឍន៍ជនបទ ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ដែល​ពុំមានលទ្ធភាពសាងសង់ដោយខ្លួនឯង សម្រាប់ប្រើប្រាស់​តាមផ្ទះ ។

ពិធីនេះបានប្រព្រឹត្តទៅសាលាឃុំក្រសាំង ស្រុករមាសហែក និងមានការអញ្ជើញចូលរួមពីបណ្ឌិត តូច ប៉ូលីវ៉ា អភិបាល​រងខេត្ត​ស្វាយរៀង តំណាងឯកឧត្តមប៉េង ពោធិ៍សា អភិបាល​ខេត្ត​​ស្វាយរៀង លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង

ក្នុងឱកាសនេះឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ បានបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ​សូមប្រកាន់​ខ្ជាប់នូវ​ការ​រស់នៅស្អាត ហូបស្អាត ផឹកស្អាត។សូមលាង​ដៃនឹងសាប៊ូ ឬផេះមុននឹងបរិភោគអាហារ និងក្រោយចេញពីបង្គន់អនាម័យ ។សំអាត​បរិវេណក្នុង និងក្រៅបង្គន់អនាម័យ ។ជួសជុលជាប្រចាំករណីមានការ​ខូចខាត។សាងសង់អណ្ដូងទឹកឱ្យឆ្ងាយពីបង្គន់អនាម័យ។ កុំយកសត្វពាហនៈមកចងក្បែរអណ្ដូងទឹក ។ឧស្សាហ៍តាមដាន និងពិនិត្យគុណភាពទឹកផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលឯកឧត្តមរដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដឹកនាំប្រតិភូក្រសួង លោកអភិបាលរង​ខេត្ត លោកប្រធានមន្ទីរនិងសហការី ចុះពិនិត្យការដ្ឋានការខួងអណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ ចំនួនពីរកន្លែងនៅក្នុងភូមិថ្មី ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀងផងដែរ៕
ដោយ៖នុត នាង

ads banner