អនុគម្រោងចំនួនបីតម្លៃជាង ៣០លានដុល្លារ ត្រូវបានប្រគល់​ឱ្យរដ្ឋបាលខេត្តកែបគ្រប់គ្រង

កែប៖ អនុគម្រោងចំនួនបី មាន អនុគម្រោងទីលានកប់សំរាម, អនុគម្រោងផ្លូវប្របមាត់សមុទ្រ និងអនុគម្រោងកំពង់ផែ​ទេសចរណ៍​លើកោះទន្សាយដែលសាងសង់រួចរាល់ជាស្ថាពរ បាន​ធ្វើពិធីប្រគល់ជាផ្លូវការកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤​ក្រោម​អធិបតីភាព​ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋ​លេខា​ធិការក្រសួងសាធារណការ និងដឹកជញ្ជូន ,តំណាងទី​ប្រឹក្សាបច្ចេកទេស​គម្រោង​សម្រាប់ការគ្រប់គ្រងថែទាំ និង​ប្រតិបត្តិការ និងប្រើប្រាស់បន្ត ,លោក ហ៊ួរ មិថុនា អភិបាល​រងខេត្តកែប​ តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប។

អនុគម្រោងទាំងបីប្រើប្រាស់កញ្ចប់ថវិកាតម្លៃ ៣០លានដុល្លារ​អាមេរិកដែលជាហិរញ្ញប្ប​ទានធនាគារអភិវឌ្ឍន៍អាស៊ី និង វិភាគទាន​របស់រាជរដ្ឋាភិបាល០,៨៩លានដុល្លារអាមេរិក។អនុគម្រោងទាំងនេះ ស្ថិតនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ទេស​ចរណ៍​សម្រាប់​កំណើនប្រកបដោយបរិយាបន្ននៃ​មហា​អនុតំបន់មេគង្គជំហានទី២របស់ធនាគារអភិវឌ្ឍន៍អាស៊ី ។

សូមជម្រាបថា ឯកសារប្លង់អនុគម្រោងសាងសង់ផ្លូវប្រប​ឆ្នេរសមុទ្រ និងកំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវ​បានប្រគល់​ជូនរដ្ឋបាល​ខេត្តកែប។ដោយឡែកទីលាន​ទុកដាក់សំរាមដែលជាអនុគម្រោង១ ក្នុងចំណោមអនុគម្រោង​ទាំងបី បានធ្វើពិធីប្រគល់រួលរាល់​ហើយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុន ចាន់ថុល កាលដែលឯកឧត្តមជា​ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមរយៈអនុគម្រោងទាំងនេះ នឹងជួយជំរុញដល់ដំណើរការ​អភិវឌ្ឍរបស់ខេត្តកែបទាំងមូល ជាពិសេសអភិវឌ្ឍន៍វិស័យ​ទេសចរណ៍៕
ដោយ៖ សិលា សារិន

ads banner