ថៃធ្លាក់ភ្លៀងយ៉ាងគំហុក ដាច់ផ្លូវ ហៀរទំនប់ លិចស្រែរាប់រយហិកតា

បាងកក៖ នៅប្រទេសថៃ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្លា ជន់លិចដីស្រែ ៤៨០ហិកតា នៅក្នុងស្រុកចំនួនបួន ក្នុងនោះ នៅស្រុក Nonrasi នៃខេត្ត Maha Sarakham ផ្លូវជាតិមួយខ្សែ ត្រូវបានទឹកហូរកាត់ផ្តាច់ តម្រូវឲ្យធ្វើ ដំណើរតាមផ្លូវវាង ប្រវែង២០គីឡូម៉ែត្រ។ នេះបើតាមកាសែត The Nation។

ប្រភពព័ត៌មានបានរាយការណ៍ កាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់យ៉ាងគំហុក ផ្តល់ផលប៉ះពាល់ ចាប់តាំងពី ថ្ងៃអាទិត្យ បណ្តាលឱ្យទំនប់ស្តុកទឹក Huay Chiang Kham ហៀរចេញ ដោយបានបញ្ចេញទឹក យ៉ាងច្រើន ចូលទៅក្នុងចម្ការស្រូវរបស់ប្រជាពលរដ្ឋ។

មានការចុះផ្សាយថា ទំនប់មួយនេះ ខូចខាតខ្លាំងឈានដល់ការបាក់រលំ។ ប៉ុន្តែ លោក Chonlasak នាយកគម្រោងធារាសាស្ត្រប្រចាំខេត្ត Maha Sarakham បានបដិសេធ។

លោកជំរុញអ្នកភូមិដែលរស់នៅខាងក្រោមទំនប់ រក្សាភាពស្ងប់ស្ងាត់ ព្រោះមិនមានការខូចខាតអ្វីធំដុំ នៅក្នុងរចនាសម្ព័ន្ធនោះទេ។ លោកបានបន្ថែមថា ស្ថាប័នជំនាញកំពុងតាមដានស្ថានការណ៍ យ៉ាងដិតដល់ ហើយនឹងចាប់ផ្តើមជួសជុលច្រាំងទំនប់ ឲ្យបានឆាប់។

លោកបានបញ្ជាក់ថា «នាយកដ្ឋានធារាសាស្ត្រកំពុងពង្រីកទ្វារទឹក នៅអាងស្តុកទឹក ពី៤គុណ៤ម៉ែត្រ ទៅ៦គុណ៦ម៉ែត្រ ហើយទំនប់ទឹកបណ្តោះអាសន្ន ត្រូវបានសាងសង់រួចរាល់ »។

យ៉ាងណាមិញ ភ្លៀងធ្លាក់ខ្លាំង បាននាំឲ្យទឹកជាង៣លានម៉ែត្រគូប ហូរចូលទៅក្នុងទំនប់ រួចមក ហើយគិតត្រឹមថ្ងៃអង្គារ ខណៈដែលទំនប់ Huay Chiang Kham មានសមត្ថភាពស្តុក សរុប ជាង ៥លានម៉ែត្រគូប៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner