អង្គការ WA បានចែកកូនឈើប្រមាណជា ២០០០ដើម ដល់អ្នកចូលរួមជិត ៣០០នាក់ ក្នុងពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ «ពន្លកបៃតង» រយៈពេល ៣ ថ្ងៃ

(ភ្នំពេញ)៖ នៅក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» រយៈពេល ៣ថ្ងៃ ដើម្បីបណ្ដុះគំនិតប្រជាពលរដ្ឋឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន ក្នុងនោះអង្គការសម្ពន្ធ័មិត្តសត្វព្រៃ WA បានចែកគ្រាប់ពូជ ឈើប្រណិតចំនួន ៧ មុខ និងកូនឈើប្រមាណជា ២០០០ដើម ជូនដល់អ្នកចូលរួមជិត ៣០០នាក់ នេះបើតាម លោក អាន ណុច ប្រធានសមាគមកសិកម្មសុវណ្ណាបៃតង និងជាបុគ្គលិកគម្រោងស្តារព្រៃឈើឡើងវិញរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានបញ្ជាក់ថា ប្រាប់ទូរទស្សន៍អប្សរា ។ ប្រភេទឈើ និងគ្រាប់ពូជ បានបែងចែកជូនដល់អ្នកមកចូលរួម នាឱកាសនោះ មានប្រភេទឈើ នាងនួន ក្រញ៉ូង បេង ធ្នុង ឈើទាល ស្រ្តាវ និងកោងកាងភ្នំ ជាដើម ។

លោក បញ្ជាក់ថា រយៈពេល ១០ឆ្នាំមកហើយ គម្រោងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចូលរួមដាំ ស្តារព្រៃឈើឡើងវិញ ជាច្រើនកន្លែង នៅតាមតំបន់ជួរភ្នំក្រវាញខាងត្បូង និងតាមបណ្តោយផ្លូវជាតិល៤៨ ក្នុងខេត្តកោះកុងផងដែរ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃមាន ដែលមានគោលបំណងការពារតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ និងធ្វើការដាំស្តារព្រៃឈើដែលបានបាត់បង់ឡើងវិញផងដែរ។ ការបរិច្ចាគនេះបានធ្វើឡើងឆ្លើយតបទៅនឹងការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីឆ្នាំមុន ដើម្បីធ្វើការដាំដើមឈើយ៉ាងតិចមួយលានដើមជារៀងរាល់ឆ្នាំ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថានបានធ្វើការរួមគ្នាអស់រយៈពេលជាង២ ទសវត្សមកហើយក្នុងកិច្ចការពារព្រៃរងទឹកភ្លៀងរបស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយពង្រឹងបន្ថែមទៅលើគោលបំណងនោះ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងនៅក្នុងពិធីបិទពិព័រណ៍ «ពន្លកបៃតង» កាលពីថ្ងៃទី១២ ខែកក្កដាម្សិលមិញនេះ ខណៈដែលលោកបង្ហាញទិន្នន័យ ក្នុងពិព័រណ៍រយៈពេល ៣ ថ្ងៃ មានកូនឈើចម្រុះជាង ៩២ម៉ឺនដើម បានចែកជូនដល់ប្រជាពលរដ្ឋយកទៅដាំ។

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner