នាយករដ្ឋមន្ត្រី ណែនាំឱ្យទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើការបន្ទាន់ ដោយទម្លាក់ ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារ ដែលដាច់រហែក ទក់ ឬប្រឡាក់តិចតួច

(កំពង់ធំ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យទេសាភិបាលធនាគារជាតិ នៃ កម្ពុជា ធ្វើការបន្ទាន់ជាមួយធនាគារឯកជន ទម្លាក់ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារ ដែលដាច់រហែក ទក់ ឬប្រឡាក់តិចតួច កុំឱ្យប៉ះអារម្មណ៍ភ្ញៀវទេសចរ ។ សម្ដេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងដូច្នេះ ក្នុងពិធី បញ្ចុះបឋម សិលាសាងសង់ សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា យប់មិញ ខ្ញុំបានទូរស័ព្ទទៅលោកជំទាវ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឱ្យធ្វើការឱ្យខ្ញុំភ្លាម ហើយសុំឱ្យធនាគារពាណិជ្ជ ធនាគារ ឯកជន ចូលរួមផង រឿងលុយដុល្លារពិបាកយក បើលុយក្លែងក្លាយ និងលុយខ្ទេចខ្លាំងរឿងមួយ ពេលខ្លះគ្រាន់តែ ដាច់បន្តិចក៏មិនយក បើយកត្រូវកាត់ទឹក ដល់អ៊ីចឹងពិបាកកន្លែងលក់ដូរ គាត់យកអត់បាន ព្រោះធនាគារកាត់ទឹក អីចឹងគាត់ត្រូវកាត់ទឹកពីភ្ញៀវដែរ ភ្ញៀវរអ៊ូហេតុអីមានលុយមកចាយ ក៏លំបាកម៉្ល៉េះ ឥឡូវខ្ញុំសុំឱ្យធ្វើម៉េច លោកជំទាវធ្វើការជាមួយធនាគារ សុំទម្លាក់លក្ខខណ្ឌនេះ ។

សម្តេចថា បើលុយខ្ទេចខ្លាំង ឬលុយក្លែងក្លាយអនុវត្តន៍ចុះ ប៉ុន្តែបើលុយដែលដាច់បន្តិច ឬប្រឡាក់បន្តិច ក៏កាត់ទឹកដែរនោះ គឺប៉ះពាល់ដល់បងប្អូនអាជីវកររបស់យើង និងប៉ះពាល់ដល់ភ្ញៀវទេសចរ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ទេសចរណ៍ទាក់ទងនឹងការធ្វើបដិសណ្ឋារកិច្ច ចាប់ពីភ្ញៀវចុះពីលើយន្តហោះ រហូតដល់ឡើងយន្តហោះទៅវិញដោយរលូន ដូច្នេះត្រូវធ្វើឱ្យណាទទួលភ្ញៀវឱ្យបានល្អ កុំធ្វើឱ្យខ្ទាស់ចិត្តភ្ញៀវ។ ចំពោះករណីនេះ បើធនាគារជាតិសម្របសម្រួលជាមួយធនាគារឯកជនមិនបាន សម្តេចនឹងចូលធ្វើការផ្ទាល់ជាមួយធនាគារឯកជន សម្តេចនឹងធ្វើរឿងនេះឱ្យបាន ។ សម្តេចក៏បានណែនាំឱ្យធនាគារជាតិ នៃកម្ពុជា រៀបចំស្តង់ដារនៃប្រើប្រាស់លុយដុល្លារ ដែលមានការដាច់រហែកឱ្យបានច្បាស់លាស់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner