អាជ្ញាធរនិងមន្ទីរជំនាញណែនាំឲ្យពលរដ្ឋដែលបានចាក់ដីនិងសង់សំណង់រំលោភដីអាងទំនប់ម្លេចកាយនិងរុះរើចេញវិញ

(កំពត)៖ ផ្ទៃអាងទំនប់ម្លេចដែលជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ត្រូវបានប្រជាពលរដ្ឋ ១៥គ្រួសារចាក់ដី និងសង់សំណង់ផ្សេងៗ រំលោភយកធ្វើជាកម្មសិទ្ធិ។ ហើយអាជ្ញាធរស្រុក និងមន្ទីរជំនាញបានចេញសេចក្តីណែនាំឲ្យពលរដ្ឋទាំងនោះ បញ្ឈប់សកម្មភាពជាបន្ទាន់ ហើយត្រូវកាយអាចម៍ដី និងរុះរើសំណង់ចេញវិញដោយខ្លួនឯង។

យោងតាមសេចក្តីដំណឹងមួយរបស់រដ្ឋបាលស្រុកជុំគិរី ដែលបានចុះនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ដូច្នេះថា៖ “ រដ្ឋបាលស្រុកជុំគិរីមានកិត្តិយស សូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមជុំវិញផ្ទៃ អាងទំនប់ម្លេចស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ឱ្យបានជ្រាបថា កន្លងមកនេះ រដ្ឋបាលស្រុកជុំគិរី បានសង្កេតឃើញថា៖ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅអមជុំវិញផ្ទៃអាងទំនប់ម្លេច មានការចាក់ដី និងសង់សំណង់ផ្សេងៗ រំលោភបំពានផ្ទៃអាង ដែលបង្កឱ្យមានការប៉ះពាល់ដល់ផ្ទៃអាងទឹកសារធារណៈរបស់រដ្ឋ និងបង្កឱ្យមានភាពអនាធិបតេយ្យ ដល់តំបន់ទេសចរណ៍ធម្មជាតិ ។

ក្នុងន័យនេះ រដ្ឋបាលស្រុកជុំគិរីបានសហការជាមួយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពត សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចាក់ដី និងសង់សំណង់អនាធិបតេយ្យ រំលោភបំពានផ្ទៃអាងទំនប់ម្លេចទាំងអស់ត្រូវអនុវត្តដូចខាងក្រោម៖
១.ត្រូវបញ្ឈប់ជាបន្ទាន់នូវការចាក់ដី និងសង់សំណង់ រំលោភបំពានផ្ទៃអាង។
២.ត្រូវកាយយកអាចម៍ដីដែលបានចាក់រំលោភបំពានចេញពីផ្ទៃអាងវិញ
៣. ត្រូវរុះរើសំណង់ដែលបានសាងសង់ចូលនៅក្នុងផ្ទៃអាងចេញវិញ។
រដ្ឋបាលស្រុកជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលបានរំលោភបំពានខាងលើ និងចូលរួមសហការ ក្នុងការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ” ។

យ៉ាងណាក៏ដោយនៅក្នុងសេចក្តីជូនដំណឹងនោះ មិនបានបង្ហាញឈ្មោះអ្នកចាក់ដី និងសង់សំណង់ទាំង១៥ទីតាំងនោះទេ ហើយក៏មិនបានប្រាប់អំពីកាលបរិច្ឆេត នៃកាកំណត់ឲ្យកាយអាចម៍ដី និងរុះរើសំណង់ចេញវិញទេ ។ ហើយសេចក្តីណែនាំនេះធ្វើឡើងដោយយោងតាមការចង្អុលបង្ហាញ និងអនុសាសន៍ណែនាំរបស់ឯកឧត្តមអភិបាលរងខេត្ត ទទួលបន្ទុកការងារដីធ្លី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ និងតាមផែនទីកំណត់ទីតាំងដែលរងការរំលោភបំពានដែលចេញដោយមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពត ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ៕

ដោយ ៖ សិលា សារិន

ads banner