ត្រឹម៦ខែ ប្រាក់ចំណេញ Nokia ធ្លាក់ចុះ ៣២ភាគរយ
ហែលស៊ិនគី៖ ក្រុមហ៊ុន Nokia បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញប្រតិបត្តិការរហូតដល់ ៣២ភាគរយ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ដោយសារការថមថយតម្រូវការឧបករណ៍ទូរគមនាគមន៍ 5G។
ក្រុមទូរគមនាគមន៍ហ្វាំងឡង់ Nokia បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះនៅត្រឹម ៤៦២លានដុល្លារ នៅក្នុងត្រីមាសទ២ ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានជាង ៦៧៥លានដុល្លារ។
ក្រុមហ៊ុន Nokia និងគូប្រជែងរបស់ខ្លួន គឺ Ericsson បានទទួលរងផលប៉ះពាល់ដូចគ្នា ដោយសារអតិថិជនដែលទិញឧបករណ៍ទូរគមនាគមន៍មានចំនួនតិចជាងមុន ហើយថែមទាំងបានប្រកាសពីការបញ្ឈប់បុគ្គលិករាប់ពាន់នាក់។
ការលក់សុទ្ធរបស់ Nokia បានធ្លាក់ចុះ ១៨ភាគរយ ដោយសារល្បឿននៃការវិនិយោគនៅក្នុងបច្ចេកវិទ្យា 5G នៅក្នុងប្រទេសឥណ្ឌា ជាទីផ្សារសំខាន់បានធ្លាក់ចុះ បន្ទាប់ពីមានកំណើនយ៉ាងឆាប់រហ័សកាលពីឆ្នាំមុន។ ទន្ទឹមគ្នា ភាគហ៊ុនរបស់ Nokia ក៏បានធ្លាក់ចុះ ៨ភាគរយផងដែរ។
ក្រុមហ៊ុន Nokia បានព្យាករថា ការលក់របស់ខ្លួនគួរតែងើបឡើងវិញនៅចុងឆ្នាំ ២០២៤ ដោយសារតែមានជំនួយពីការបញ្ជាទិញពីអាមេរិកខាងជើង៕
ប្រភព : Yahoo ប្រែសម្រួលដោយ: ឈឹម ទីណា