ឯកអគ្គរដ្ឋទូតចិន៖ ការប្រសិទ្ធនាមឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមិនអាចបំបែកបាន រវាងចិននិងកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ការប្រសិទ្ធនាមឈ្មោះ មហាវិថី ស៊ី ជីនពីង (Xi Jinping) បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមិនអាចបំបែកបាន រវាងចិននិងកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជានឹងបន្តបើកស្ថានការណ៍ថ្មី និងសម្រេចបានលទ្ធផលថ្មី។ «ជានិមិត្តរូបថា ប្រជាជនចិន និងកម្ពុជា កាន់ដៃគ្នា យ៉ាងស្អិតរមួត បន្តឆ្ពោះទៅមុខជានិច្ច នូវមិត្តភាពប្រពៃណី ដែលបង្កើតឡើងដោយអ្នកដឹកនាំជំនាន់មុនៗ។ ប្រទេសទាំងពីរនឹងជំរុញការប្តេជ្ញាចិត្ត និងកម្លាំងដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងចិន-កម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ឧត្តមឯកអគ្គរដ្ឋទូតចិនជឿជាក់ថា រាជធានីភ្នំពេញនឹងបន្តបញ្ចេញនូវភាពរស់រវើក និងភាពរស់រវើកជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃឧបទ្វីបខាងត្បូង កណ្តាល និងក្នុងតំបន់អាស៊ីអាគ្នេយ៍»។

ក្នុងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល សូមចូលរួមអបអរសាទរ និងស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Wang Wenbin ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា។ ឯកឧត្តមសង្ឃឹមថា ឯកឧត្តម Wang Wenbin នឹងបន្តផ្តល់កិច្ចសហការជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា និងបន្តពង្រឹងចំណងមិត្តភាពដែកថែបឱ្យកាន់តែស្អិតរមួតនិងខ្លាំងក្លាថែមទៀត។
ឯកឧត្តមបញ្ជាក់ថា ការប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង បង្ហាញពីកត្តាញូតាធម៌ និងដឹងគុណ ដល់ប្រជាជននិងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា ជាពិសេស ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ប្រធានរដ្ឋចិន Xi Jinping ដែលបានផ្តល់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជា។
នាពេលនោះដែរ ឯកឧត្តម Wang Wenbin និង ឯកឧត្តម ស៊ុន ចាន់ថុល រួមនឹងមន្ត្រីសំខាន់ៗ បានដាំដើមឈើ នៅក្បែរនឹងបង្គោលស្លាកមហាវិថី ស៊ី ជីនពីង ទុកជាអនុស្សាវរីយ៍ ទៀតផង។

គួរបញ្ជាក់ថា ឈ្មោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានប្រសិទ្ធនាមសម្រាប់កំណាត់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ ពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធនាម «មហាវិថី ស៊ី ជីនពីង» ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន។ កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រោយចំណាយពេលអស់ចំនួន៥២ខែ។ ផ្លូវដែលចំណាយថវិកាសាងសង់ជាង ២៧៣លានដុល្លារ ក្រោមជំនួយឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។

ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ជា «មហាវិថី ស៊ី ជីនពីង» មានអត្ថន័យធំធេងសម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ នេះបើតាមការបញ្ជាក់នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបានរំលេចផងដែរថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ រួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ក្នុងគម្រោងធំៗត្រូវបានបង្កើតឡើង រួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត។ រហូតមកដល់ពេលនេះ ចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤ ០០០ គីឡូម៉ែត្រនៅកម្ពុជា។

«មហាវិថី ស៊ី ជិនពីង» ដែលមានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។

ផ្លូវនេះ ឆ្លងកាត់ផ្លូវជាតិលេខ៤ ,ផ្លូវជាតិលេខ៣ , ផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ២១ ,ផ្លូវជាតិលេខ២១A ,ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

«មហាវិថី ស៊ី ជិនពីង» តភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១ (AH-1) និងផ្លូវអាស៊ានហាយវេលេខ១១ (AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងសាធារណការនិងដឹកជញ្ជូន

ads banner