គ្រោះថ្នាក់រថភ្លើងនៅឥណ្ឌា ស្លាប់មនុស្ស ២នាក់ និងរបួស ៣៥នាក់
ញូវដែលី៖ រថភ្លើងដឹកអ្នកដំណើររបស់ឥណ្ឌាមួយគ្រឿងបានរត់ធ្លាក់ផ្លូវកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងរងរបួស ៣៥នាក់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត។
រថភ្លើង Chandigarh-Dibrugarh Express ដែលបម្រើសេវាកម្មដឹកឡានអ្នកដំណើរចំនួន ២២គ្រឿង ដែលរត់ក្នុងចម្ងាយ ២,៦៤០គីឡូម៉ែត្រ បានរត់ធ្លាក់ផ្លូវក្រឡាប់នៅជិតទីក្រុងដ៏ពិសិដ្ឋភាគខាងជើងនៃទីក្រុង Ayodhya នៅម៉ោងប្រហែល ២៖៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។ អ្នកនាំពាក្យផ្លូវដែកឥណ្ឌា លោក Pankaj Kumar Singh បានប្រាប់កាសែតបារាំង AFP ថា គ្រោះថ្នាក់នេះបានបណ្តាលឱ្យមនុស្សពីរនាក់បានស្លាប់ និង ៣៥នាក់ផ្សេងទៀតរងរបួស ក្នុងនោះ៣នាក់របួសធ្ងន់។
ស្នងការផ្នែកសង្គ្រោះរដ្ឋ Uttar Pradesh លោក Naveen Kumar បានបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់ ហើយគ្មាននរណាម្នាក់ជាប់នៅក្នុងរថភ្លើងទៀតនោះទេ ខណៈដែលមូលហេតុនៃឧបទ្ទវហេតុនេះមិនទាន់ដឹងច្បាស់នៅឡើយទេ។ អភិបាលរដ្ឋ Uttar Pradesh លោក Yogi Adityanath បានបង្ហោះសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា គ្រោះថ្នាក់រថភ្លើងនៅក្នុងស្រុក Gonda គឺពិតជារឿងដ៏គួរឱ្យសោកសៅបំផុត។
ឥណ្ឌាដែលមានបណ្តាញផ្លូវដែកធំជាងគេទី៤របស់ពិភពលោក បានដំណើរការរថភ្លើងប្រហែល ១៤,០០០គ្រឿងជារៀងរាល់ថ្ងៃ រត់នៅលើប្រព័ន្ធផ្លូវដែកមានប្រវែងប្រហែល ៦៤,០០០គីឡូម៉ែត្រ។ រថភ្លើងទាំងនោះដឹកអ្នកដំណើរជាង ២១លាននាក់ក្នុងមួយថ្ងៃ។
យោងតាមកំណត់ត្រាផ្លូវការបានឱ្យដឹងថា ជាមធ្យមមនុស្ស ២០,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ នៅក្នុងគ្រោះថ្នាក់ផ្លូវដែក មានដូចជាការរត់បុកគ្នា, ការរត់ធ្លាក់ផ្លូវ និងមូលហេតុផ្សេងៗទៀត ។ របាយការណ៍របស់អាជ្ញាធរសវនកម្មកំពូលរបស់ប្រទេសឥណ្ឌា បានបញ្ជាក់ថា ផ្លូវដែកខូច, ការថែទាំមិនល្អ និងឧបករណ៍ផ្តល់សញ្ញាចាស់ គួបផ្សំជាមួយនឹងកំហុសរបស់មនុស្ស គឺជាមូលហេតុចម្បងនៃការរត់ធ្លាក់ផ្លូវរបស់រថភ្លើង៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា