ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ក្រើនរំលឹកដល់កីឡាករវ័យក្មេងត្រូវបង្កើនសមត្ថភាព ខណៈកម្ពុជាកំពុងឈានជើងចូលទីផ្សារជប៉ុន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់ កម្ពុជា បានក្រើនរំលឹកដល់កីឡាករប្រដាល់សកលវ័យក្មេង ដែលជាកីឡាករ ជម្រើសជាតិ ត្រូវខិតខំហ្វឹកហាត់បង្កើនសមត្ថភាពឱ្យបានខ្លាំងក្លា ដើម្បីមាន​សមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្ហាញទេពកោសល្យសម្រាប់ការប្រកួត​លើឆាក​អន្តរជាតិ ដ្បិតបច្ចុប្បន្ននេះ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា បាន​និង​កំពុងចាប់ដៃជាមួយគណៈកម្មការប្រដាល់សកលអាជីពជប៉ុន ទទួលបាន​ឱកាសច្រើនក្នុងការបញ្ជូនកីឡាករកម្ពុជាទៅប្រកួតលើទឹកដីប្រទេសជប៉ុន។

ការក្រើនរំលឹករបស់ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានធ្វើឡើង នាថ្ងៃទី១៩ ខែ កក្តដា ឆ្នាំ២០២៤ ក្នុងកម្មវិធីសំណេះសំណាលលើកទឹកចិត្ត ជាមួយកីឡាករ​ប្រដាល់កលជម្រើសជាតិវ័ក្មេង ចំនួន៥រូប ត្រៀមចេញទៅប្រកួតនៅប្រទេស​ជប៉ុន និងការប្រកួតប្រដាល់សកលជ្រើសរើសជើងឯករាធានីភ្នំពេញ នៅ​អាគារ​តុ​មូល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម បានគូសបញ្ជាក់ថា សម្រាប់ការបញ្ជូនកីឡាករ ប្រដាល់សកល លឹម សៀវឡាំ ទៅចូលរួមប្រកួតក្នុង កម្មវិធី 3150 FIGHT នៅខេត្ត Nagoya នៅជប៉ុននេះ គឺជាលើកទី១ ដែលគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា បានចាប់ដៃសហការជាមួយគណៈកម្មការប្រដាល់សកលអាជីពជប៉ុន ដែលជាការបើកទំព័រថ្មីមួយទៀត សម្រាប់ប្រដាល់សកលអាជីពកម្ពុជា ឈានទៅរកទីផ្សារប្រកួតធំនៅជប៉ុន នាពេលអនាគត។

សូមបញ្ជាក់ថា កីឡាករប្រដាល់ជម្រើសជាតិវ័យក្មេងទាំង៥រូបនេះ គឺកីឡាករ​ប្រដាល់សកល លឹម សៀវឡាំ នឹងទៅចូលប្រកួត កម្មវិធី 3150FIGHT នៅ​ខេត្ត Nagoyaនៅជប៉ុន នៅថ្ងៃទី២៥ ខែ កក្តដា ខណៈ​ដែល៤រូបទៀត នឹង​ចូលរួមការប្រកួតកីឡាប្រដាល់​សកលជ្រើស​រើសជើងឯករាជធានីភ្នំពេញ នៅចុងខែកក្តដា ឆ្នាំ២០២៤ មាន ១៖ ស៊ីមន លាភហេង ៦៣:៥គីឡូ
២.រ៉ុន វិរះ ៦០គីឡូ ៣.ជាម៉េង ឆាយ ៥៤គីឡូ និង៤. ស៊ូប៊ីឌី ហ្គោបាល ៥៧គីឡូ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner