រុស្ស៊ីចោទលោកខាងលិចនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោក ពូទីន
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា អ៊ុយក្រែនបានរៀបចំផែនការធ្វើឃាតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយមានការចូលរួមដោយផ្ទាល់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសលោកខាងលិច។
ការអះអាងបែបនេះរបស់លោកស្រី Zakharova គឺចង់សំដៅទៅលើការគំរាមកំហែងធ្វើឃាតប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានលើកឡើងនាពេលថ្មីៗនេះ ដោយប្រធាននាយកដ្ឋានស៊ើបការណ៍សំខាន់របស់អ៊ុយក្រែន (GUR) លោក Kirill Budanov។ សារព័ត៌មានរុស្ស៊ី RT បានឱ្យដឹងថា លោក Budanov ដែលត្រូវបានដាក់ក្នុងបញ្ជីភេរវករ និងជ្រុលនិយមរបស់រុស្ស៊ី បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីសម្លាប់លោក ពូទីន នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន NV ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
ប្រធានផ្នែកចារកម្មយោធាអ៊ុយក្រែនរូបនេះបានអះអាងថា ទីភ្នាក់ងាររបស់គាត់បានប៉ុនប៉ងជាច្រើនលើក ដើម្បីធ្វើឃាតលោក ពូទីន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមនោះទេ។ លោក Budanov បានគូសបញ្ជាក់ថា ការប៉ុនប៉ងធ្វើឃាតលោក ពូទីន បានកើតឡើង ប៉ុន្តែដូចដែលអ្នកបានឃើញ… រហូតមកទល់ពេលនេះ ពួកគេមិនបានទទួលជោគជ័យទេ។ ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីបានដឹងពីការគំរាមកំហែងរបស់អ៊ុយក្រែន ក្នុងការប៉ុនប៉ងធ្វើឃាតលោក ពូទីន ហើយថា សន្តិសុខរបស់លោកប្រធានាធិបតីត្រូវបានបង្កើតឡើងក្នុងកម្រិតរឹងមាំ។
ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបានរាយការណ៍ពីការប៉ុនប៉ងយកជីវិតលោក ពូទីន ពីសំណាក់អ៊ុយក្រែន។ ជាក់ស្តែងនៅក្នុងខែកញ្ញា ឆ្នាំ២០២២ កាសែត The Sun របស់អង់គ្លេសបានរាយការណ៍ថា ការផ្ទុះមួយបានកើតឡើងនៅជិតរថយន្តរបស់លោកប្រធានាធិបតី ពូទីន ប៉ុន្តែវិមានក្រឹមឡាំងបានច្រានចោល។
ចំណែកនៅឆ្នាំ ២០២៣ រុស្ស៊ីបានរារាំងការប៉ុនប៉ងផ្តាច់ជីវិតលោក ពូទីន ម្តងទៀត បន្ទាប់ពីអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះដ្រូនចំនួនពីរគ្រឿង ដែលមានបំណងវាយប្រហារលំនៅដ្ឋានផ្លូវការរបស់គាត់។ យន្តហោះដ្រូនទាំងនោះ ត្រូវបានគេបាញ់ទម្លាក់ ហើយមិនបណ្តាលឲ្យមានមនុស្សរងរបួស ឬខូចខាតអ្វីធំដុំទេ៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា