ខេត្តស្វាយរៀងរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១២ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ

(ខេត្តស្វាយរៀង)៖ គ្រូពេទ្យទាំងអស់នៅទូទាំងខេត្តស្វាយរៀង បានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឲ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាព និងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាពជាបន្តបន្ទាប់ផងដែរ ។

នេះជាការកោតសរសើរ របស់ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១២ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ។

លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានថ្លែងថា ការអនុវត្តសេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការបណ្តុះបណ្តាលបន្តការប្រតិបត្តិ វិជ្ជាជីវៈសុខាភិបាល របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តស្វាយរៀង មានបំណងផ្លាស់ប្ដូរបទពិសោទធន៍ ពង្រឹងនូវគុណវុឌ្ឍន៍ ផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដែលមានគុណភាព ប្រសិទ្ធភាព ទាំងគុណធម៌ សមធម៌ សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី១២នេះដែរ ក៏មានការប្រជុំតាមតាមប្រពន្ធ័ zoom និងធ្វើបទបង្ហាញពីលោកសាស្ត្រាចារ្យជំនាញ រួមមាន៖ ប្រធានបទ អំពីការគ្រប់គ្រងជំងឺបាក់បែកឆ្អឹងចំហរមុខ ។ ប្រធានបទ អំពីជំងឺបាក់ស្បាត ប្រធានបទ អំពីសុពាំងមាត់ស្បូន និង ប្រធានបទ អពីជំងឺរលួយសាច់ដុំបេះដូង ហើយក៏មានសួរសំណួរ និងការឆ្លើយតប និងចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមដល់ក្រុមគ្រូពេទ្យ ជាសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង ផងដែរ ៕

ដោយ ៖ នុត នាង

ads banner