កម្ពុជា-មីយ៉ាន់ម៉ា សម្តែងការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះការរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះការរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង និងបានឯកភាពគ្នាថាប្រទេសទាំងពីរគួរសហការគ្នាប្រារឰខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។

ការសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអបអរសាទរចំពោះឯកឧត្តម Kyaw Soe Min ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា និងផ្តល់ការគាំទ្រពេញទំហឹងដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជួយសម្រួលដល់ការបំពេញបេសកកម្មការទូតក្នុងអាណត្តិរបស់ឯកឧត្តម៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner