សេដ្ឋកិច្ចកម្ពុជា បន្តកើនឡើងប្រមាណ ៦,៣% ខណៈអតិផរណា មានកម្រិតជាមធ្យមត្រឹម ០,៤% ប៉ុណ្ណោះ នៅឆមាសទី១ ឆ្នាំនេះ

(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា បន្តកើនឡើងប្រមាណ ៦,៣% នៅឆមាសទី១ និងត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដែលខ្ពស់ជាងឆ្នាំមុន (៥%) ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ដោយមានការចូលរួមពីមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាប្រមាណ ៣៣០រូប ។

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា នៅកម្ពុជា ការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី កំពុងត្រូវបានអនុវត្តដោយពិលាស ដែលបានជ្រោងសេដ្ឋកិច្ចកម្ពុជា ឱ្យបន្តកើនឡើងប្រមាណ ៦,៣% នៅឆមាសទី១ និងត្រូវបានព្យាករថា មានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដែលខ្ពស់ជាងឆ្នាំមុន (៥%)។ កំណើននេះ ត្រូវបានគាំទ្រជាចម្បងដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍។ ការនាំចេញផលិតផលកាត់ដេរកើន ១៧,២% ការនាំចេញផលិតផលកសិកម្មកើន ៤៧,៨% ខណៈចំនួនភ្ញៀវអន្តរជាតិបានកើនឡើង ២១,២%។ ដោយឡែក វិស័យសំណង់និងអចលនទ្រព្យ បន្តទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ ដោយត្រូវបានរំពឹងថា មានកំណើនត្រឹម ១,៤% និង ០,៨% រៀងគ្នា ។

លោកជំទាវបន្តថា អតិផរណា មានកម្រិតជាមធ្យមត្រឹម ០,៤% ប៉ុណ្ណោះក្នុងឆមាសទី១នេះ ដោយសារការធ្លាក់ចុះនៃថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងកម្រិតទាបនៃអតិផរណាម្ហូបអាហារ និងអតិផរណាស្នូល ។ អត្រាអតិផរណាទាបនេះ បានរួមចំណែកការពារអំណាចទិញរបស់ចំណូលប្រជាជនកម្ពុជា ស្របពេលដែលអត្រាប្តូរប្រាក់ មានស្ថិរភាពក្នុងកម្រិតមធ្យម ៤.០៧៥ រៀលក្នុងមួយដុល្លារអាមេរិក ដែលបានកើនថ្លៃ ០,៤% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ។ ការរក្សាអត្រាប្តូរប្រាក់ឱ្យប្រែប្រួលទាបជាង ១% គឺជាជោគជ័យមួយរបស់កម្ពុជា បើធៀបនឹងរូបិយប័ណ្ណក្នុងតំបន់ ដូចជា៖ រ៉ូពី ឥណ្ឌូនេស៊ី, ប៉េសូ ហ្វីលីពីន, ដុង វៀតណាម, បាត ថៃ, រីងហ្គីត ម៉ាឡេស៊ី និងគីប ឡាវ ដែលថយថ្លៃលើសពី ៣,៨% ។ ការសម្រេចបាននេះ ក៏ដោយសារការអនុវត្តនយោបាយរូបិយវត្ថុយ៉ាងប្រុងប្រយ័ត្ន ដោយថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ប្រាក់រៀលនៅក្នុងសកម្មភាពសេដ្ឋកិច្ច។

លោកជំទាវទេសាភិបាល បានបន្ថែមថា គិតត្រឹមចុងឆមាសទី១នេះ ទុនបម្រុងអន្តរជាតិមានចំនួន ២០ប៊ីលានដុល្លារអាមេរិក ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣ ។ បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិមានកម្រិតស្មើនឹង ៧ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតអប្បបរមា ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានចាត់ទុកថា ខ្ពស់គ្រប់គ្រាន់ ក្នុងការរួមចំណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើស្ថិរភាពសេដ្ឋ កិច្ចកម្ពុជា ដែលជាមូលដ្ឋានចាំបាច់មួយ ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ។

ទន្ទឹមនេះដែរ កំណើនឥណទានបានថមថយជាបន្តបន្ទាប់ ដល់កម្រិតទាបក្នុងអត្រា ២,៦% ដែលជាកម្រិតទាបនៅក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ។ ជាមួយគ្នានេះ អនុបាតឥណទាន មិនដំណើរការមាននិន្នាការកើនឡើងជាបន្តបន្ទាប់ដល់ ៦,៨% ចំពោះវិស័យធនាគារ និង ៨,៣% ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ។ កម្រិតខ្ពស់នេះ មួយផ្នែកបណ្តាលមកពីការថមថយល្បឿនកំណើនឥណទានផងដែរ។ ទោះយ៉ាងណា អនុបាតឥណទានមិនដំណើរការនៅបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ហើយធនាគារជាតិនៃកម្ពុជា បានតាមដាន និងវាយតម្លៃជាប្រចាំនូវហានិភ័យឥណទាន ក៏ដូចជាហានិភ័យពាក់ព័ន្ធនានា ដែលបង្ហាញថា ប្រព័ន្ធធនាគារកម្ពុជារក្សាបានភាពរឹងមាំ ។

លោកជំទាវទេសាភិបាល ក៏បានថ្លែងពីដំណើរការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង Bakong ដោយបាននិងកំពុងបំពេញមុខងារកាន់តែសំបូរបែបជូនដល់អ្នកប្រើប្រាស់ និងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។ ប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធបាគង មានចំនួនសរុប ៧៥,៥លានប្រតិបត្តិការ ដែលកើន ១.៨ ដង ឬគិតជាទឹកប្រាក់ស្មើនឹង ៦៤,៩ទ្រីលានរៀល ដែលកើន ១,៤ដង និងប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ៩៩,៨លានប្រតិបត្តិការ ឬស្មើនឹងទឹកប្រាក់ ៣៨,៨ ប៊ីលានដុល្លារអាមេរិកដែលមានកំណើន ១,៣ ដង។ បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន ជាមួយប្រទេសថៃ ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិយូញៀនផេ ព្រមទាំងកំពុងពង្រីកគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ និងដៃគូ សហការនានា ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី និងក្រុមហ៊ុនអាលីផេ ជាដើម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner