ប្រធានអង្គភាពអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានដាក់ចេញ​ចក្ខុវិស័យដើម្បីសម្រេចក្តីសុបិនដ៏ធំមួយ

បាត់ដំបង៖ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​បានថ្លែង​ថា រាជ​រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំ​ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវ​ចក្ខុវិស័យកម្ពុជា​ឆ្នាំ២០៥០និង​ប្រែក្លាយជាប្រទេសដែល​មានចំណូលខ្ពស់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺដើម្បីធ្វើឱ្យ​សម្រេចនូវក្តីសុបិនដ៏ធំមួយរបស់ប្រជាពល​​រដ្ឋខ្មែរ។

ឯកឧត្តមបន្តថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាម និងរបប​ប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់តក់ស្លុត និងមិនធ្លាប់​មានក្នុងប្រវត្តិសាស្ត្រ​ប្រជាពល​រដ្ឋខ្មែរគ្រប់រូប តែងតែ​ប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងរស់នៅក្នុង​សង្គមជឿនលឿនមួយ ដូចបណ្តាប្រទេស​អភិវឌ្ឍ​លើសកល​លោកដែរ ហើយអ្នកដែលអាចធ្វើឱ្យក្តី​សុបិននេះបាន​សម្រេច​នោះ គឺមានតែរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជា​ជនកម្ពុជាតែមួយគត់។នេះគឺជាហេតុផលដែលប្រជាពលរដ្ឋ​ខ្មែរបានផ្តល់នូវសេចក្តីទុកចិត្តដល់គណបក្សប្រជាជន​កម្ពុជា​ដើម្បី​បន្ត​ដឹកនាំរាជរដ្ឋាភិបាលរហូតមក និងដើម្បីធ្វើឱ្យសម្រេច​នូវគោលដៅនេះ។

ឯកឧត្តមបន្តថា ការដ្ឋានមួយក្នុងចំណោមការដ្ឋានដ៏សំខាន់​បំផុតដែលមិនអាចមើលរំលងបានគឺការប្រយុទ្ធប្រឆាំងជាមួយ​ព័ត៌មាន​ក្លែងក្លាយ និងប្រសិទ្ធភាព នៃការផ្តល់ព័ត៌មានពិតជូន​ប្រជាពលរដ្ឋ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ប៉ែន បូណា ក៏បានថ្លែងនូវ​ការកោតសរសើរដល់ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបងដែល​បាន​សហការជាមួយនិងអង្គភាពអ្នកនាំ​ពាក្យរាជរដ្ឋាភិបាលដើម្បីបង្កើតឱ្យមានវគ្គបណ្តុះបណ្តាល« ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ »នេះឡើងដើម្បី​ពង្រឹងនូវប្រសិទ្ធភាពក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យចំណុះក្រោមរដ្ឋបាលខេត្ត។

ឯកឧត្តម ប៉ែន បូណា បានថ្លែងដូច្នេះក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី « ប្រសិទ្ធភាពនៃ ការងារព័ត៌មាន និងនាំពាក្យ » នៅសាលា​ខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕

       ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)
ads banner