ប្រធានអង្គភាពអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យដើម្បីសម្រេចក្តីសុបិនដ៏ធំមួយ
បាត់ដំបង៖ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០និងប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺដើម្បីធ្វើឱ្យសម្រេចនូវក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។
![](https://asset.ams.com.kh/central/media/2024/07/photo_2024-07-19_18-49-46-1024x659.jpg)
ឯកឧត្តមបន្តថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់តក់ស្លុត និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រជាពលរដ្ឋខ្មែរគ្រប់រូប តែងតែប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងរស់នៅក្នុងសង្គមជឿនលឿនមួយ ដូចបណ្តាប្រទេសអភិវឌ្ឍលើសកលលោកដែរ ហើយអ្នកដែលអាចធ្វើឱ្យក្តីសុបិននេះបានសម្រេចនោះ គឺមានតែរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែមួយគត់។នេះគឺជាហេតុផលដែលប្រជាពលរដ្ឋខ្មែរបានផ្តល់នូវសេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលរហូតមក និងដើម្បីធ្វើឱ្យសម្រេចនូវគោលដៅនេះ។
![](https://asset.ams.com.kh/central/media/2024/07/photo_2024-07-19_18-49-56.jpg)
ឯកឧត្តមបន្តថា ការដ្ឋានមួយក្នុងចំណោមការដ្ឋានដ៏សំខាន់បំផុតដែលមិនអាចមើលរំលងបានគឺការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ និងប្រសិទ្ធភាព នៃការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ។
![](https://asset.ams.com.kh/central/media/2024/07/photo_2024-07-19_18-50-02.jpg)
ក្នុងឱកាសនេះដែរ ឯកឧត្តម ប៉ែន បូណា ក៏បានថ្លែងនូវការកោតសរសើរដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងដែលបានសហការជាមួយនិងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដើម្បីបង្កើតឱ្យមានវគ្គបណ្តុះបណ្តាល« ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ »នេះឡើងដើម្បីពង្រឹងនូវប្រសិទ្ធភាពក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យចំណុះក្រោមរដ្ឋបាលខេត្ត។
![](https://asset.ams.com.kh/central/media/2024/07/photo_2024-07-19_18-50-05.jpg)
ឯកឧត្តម ប៉ែន បូណា បានថ្លែងដូច្នេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី « ប្រសិទ្ធភាពនៃ ការងារព័ត៌មាន និងនាំពាក្យ » នៅសាលាខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)
![](https://asset.ams.com.kh/central/media/2024/07/photo_2024-07-19_18-50-09.jpg)